គណៈកម្មការរៀបចំការប្រឡងប្រជែងចាប់ផ្តើមដំណើរការកំណែវិញ្ញាសាការប្រឡងប្រជែងមន្ត្រីច្បាប់ (វិញ្ញាសាសរសេរលើកទី២)

(ភ្នំពេញ)៖ គណៈកម្មការរៀបចំការប្រឡងប្រជែងចាប់ផ្តើមដំណើរការកំណែវិញ្ញាសាការប្រឡងប្រជែង បានបើកសន្លឹកកិច្ចការចំនួន ៤១ច្បាប់ គឺជាសន្លឹកកិច្ចការរបស់បេក្ខជនដែលចូលរួមប្រឡងប្រជែងចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី (វិញ្ញាសាសរសេរលើកទី២) ដែលទើបតែបញ្ចប់កាលពីថ្ងៃម្សិលមិញ។ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង អញ្ជើញមានវត្តមានដ៏ខ្ពង់ខ្ពស់ ដើម្បី ពិនិត្យដោយផ្ទាល់លើដំណើរការ របៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការបេក្ខជន។

ក្នុងដំណើរការកែសន្លឹកកិច្ចការបេក្ខជន តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា គ្រប់ដំណាក់កាលទាំងអស់ ត្រូវស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត។

រាល់ដំណើរការរៀបចំតាក់តែងវិញ្ញាសា ត្រូវធ្វើឡើងដោយសាស្រ្តាចារ្យមកពីសាកលវិទ្យាល័យនានា និងស្ថាប័នពាក់ព័ន្ធ ដោយស្ថិតក្រោមការតាមដានជាប់គ្រប់ដំណាក់កាល ពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ នៃគណៈកម្មការរៀបចំការប្រឡងប្រជែង។ សាស្ត្រាចារ្យ ត្រូវតាក់តែងវិញ្ញាសាអធិប្បាយនីមួយៗ ឱ្យបាន ៣ជម្រើស ដើម្បីដាក់ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រើសរើសយក ១ជម្រើស ឬសម្រេចជម្រើសទី៤ ដោយយកសំណួរពីជម្រើសទាំង៣ មកបញ្ចូលគ្នា ដោយសម្ងាត់ មានសុក្រឹត្យភាព និងមានតម្លាភាព។

សូមជម្រាបថា រាល់ដំណើរការ ចាប់រាប់ពីការតាក់តែងវិញ្ញាសា ការអនុញ្ញាតឱ្យបេក្ខជនចូលមណ្ឌលប្រឡង ការប្រឡង ការធ្វើកំណែ រហូតដល់ការប្រកាសលទ្ធផលជាផ្លូវការ តែងមានវត្តមាន ពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ អនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ នៃគណៈកម្មការរៀបចំការប្រឡងប្រជែង វត្តមានអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត មកពីសាកលវិទ្យាល័យផ្សេងៗ អ្នកស្ម័គ្រចិត្តមកពីសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកស្ម័គ្រចិត្តជាមហាជនផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner