សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី២ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដើម្បីស្តាប់ និងពិនិត្យពិភាក្សាលើពង្រាងរបាយការណ៍ លើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ ពិនិត្យសំណើសុំបញ្ចូលក្នុងរបៀបវារៈប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភានូវ៖ ១-ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម។ ២-ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ៣-ប្រធានបទអំពីវិស័យកសិកម្ម។
ការពិនិត្យ និងអនុម័តសមាសភាពលេខាធិការអង្គប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ចំនួន៤រូប មាន៖ ១-ឯកឧត្តម ឃុត ចាន់ដារ៉ា, ២-ឯកឧត្តម សេង ញ៉ក់, ៣-ឯកឧត្តម ម៉ាន់ ឈឿន, ៤-ឯកឧត្តម ឈើយ ចាន់ណា និងការពិនិត្យ និងអនុម័តសេចក្តីព្រាងរបៀបវារៈ និងកាលបរិច្ឆេទប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបង្ហើបឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ឱ្យមានការពិភាក្សាឱ្យបានផុសផុលលើប្រធានបទ ដែលបានដាក់ចេញសម្រាប់អង្គសមាជនាពេលខាងមុខ ។
សូមជម្រាបថា ព្រឹទ្ធសភា និងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា គ្រោងរៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅដើមខែមិថុនាខាងមុខ តបតាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ។
សមាជរដ្ឋសភា និងព្រឹទ្ធសភា ជាដំណើរការលទ្ធិប្រជាធិបតេយ្យ និងការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់បំផុត របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ដែលបានផ្តល់ការគាំទ្រយ៉ាងច្រើនលើសលប់មកលើរាជរដ្ឋាភិបាល នៅក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃខែកក្កដាឆ្នាំ២០២៣ កន្លងទៅនេះ។
ជាការឆ្លើយតបចំពោះទំនុកចិត្តរបស់ប្រជាពលរដ្ឋ បានជារាជរដ្ឋាភិបាល ស្នើសុំសភាដែលតំណាងឱ្យប្រជាពលរដ្ឋ រៀបចំសមាជរដ្ឋសភា ព្រឹទ្ធសភាឡើង ក្នុងគោលបំណងបង្ហាញពីលទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ ។
យោងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃសមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាការប្រជុំរួមគ្នា នៃសមាជិករដ្ឋសភា និងព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ របស់ប្រទេសជាតិ ក្នុងករណីចំបាច់ ដូចជា៖ ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ឬ ករណីប្រធានសក្តិ បណ្តាលឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ជាតិ និងប្រជាជន ឬ ករណីផ្សេងៗទៀត ដែលគណៈកម្មការធិការសមាជ យល់ឃើញថា ជាបញ្ហាសំខាន់របស់ប្រទេសជាតិ ។
ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី អាចផ្តួចផ្តើមឱ្យមានការប្រជុំសមាជបាន ។ ប្រធានសមាជ អញ្ជើញសមាជិករដ្ឋសភា និងព្រឹទ្ធសភា ឱ្យចូលរួមប្រជុំសមាជ ។ ច្បាប់សមាជរដ្ឋសភា និងព្រឹទ្ធសភា បានកំណត់ថា ប្រធានព្រឹទ្ធសភា ជាប្រធានសមាជ ។
សមាជរដ្ឋសភា និងព្រឹទ្ធសភា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត បម្រើឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ។ លទ្ធផលចេញពីសមាជ ជាលទ្ធផលឧត្តុងឧត្តមខ្ពង់ខ្ពស់បំផុត ដែលនឹងត្រូវចុះក្នុងព្រះរាជកិច្ច ។ សមាជរដ្ឋសភា និងព្រឹទ្ធសភាព ជាដំណើរលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ដែលមានប្រជាពលរដ្ឋខ្មែរ ជាម្ចាស់វាសានាប្រទេសជាតិរបស់ខ្លួន ៕






អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ