អឺរ៉ុបពិចារណាទិញអាវុធអាមេរិកឱ្យអ៊ុយក្រែន
ព្រុចសែល ៖ មេដឹកនាំអឺរ៉ុបខាងលិចកំពុងពិចារណាទិញអាវុធពីរដ្ឋបាលលោក ដូណាល់ ត្រាំ និងប្រគល់ឱ្យអ៊ុយក្រែន នៅពេលដែលការផ្ទេរអាវុធកាលពីជំនាន់លោក ចូ បៃដិន អស់ នេះបើយោងតាមប្រភពពីសារព័ត៌មាន Bloomberg។

Bloomberg បានរាយការណ៍ថា សំណើទិញសព្វាវុធពីអាមេរិកផ្គត់ផ្គង់អ៊ុយក្រែននេះ គឺមានគោលបំណងជួយទីក្រុងកៀវអាចបន្តប្រយុទ្ធជាមួយរុស្ស៊ី ស្ថិតក្រោមករជួយជ្រោមជ្រែងពីសម្ព័ន្ធមិត្តអឺរ៉ុប និងអង់គ្លេស ចំពេលមានការព្រួយបារម្ភថា ការចែកចាយអាវុធរបស់អាមេរិកនឹងបញ្ឈប់នៅរដូវក្តៅ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានរំលឹកឡើងវិញនៅដើមសប្តាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងដើរចេញលែងខ្វល់ពីជម្លោះអ៊ុយក្រែន បើសិនកិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែនបរាជ័យ ហើយថា ជម្លោះនេះគួរតែទុកឲ្យអឺរ៉ុបចូលច្លួនដោះស្រាយវិញម្តង។
យ៉ាងណាមិញ រុស្ស៊ីបានព្រមានម្តងហើយម្តងទៀតថា ការប្រគល់សព្វាវុធរបស់លោកខាងលិចដល់អ៊ុយក្រែន នឹងមិនអាចបញ្ឈប់គោលដៅយោធារបស់ខ្លួនទេ ហើយវាកាន់តែអូសបន្លាយជម្លោះ និងបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា
