កម្ពុជានឹងរៀបចំពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក​លើកទី១​រយៈ​ពេលបីថ្ងៃនៅខេត្តស្ទឹងត្រែង

ភ្នំពេញ៖កម្ពុជានឹងរៀបចំពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១ ចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តស្ទឹងត្រែង។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្រសួងទេស​ចរណ៍ រួមសហការជាមួយរដ្ឋបាល​ខេត្តស្ទឹងត្រែងរៀបចំ “ពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១” មានរយៈពេល ៣ថ្ងៃ ដែលនឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០-៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា នៅសហគមន៍​អេកូទេសចរណ៍ព្រះរំកិល អន្លង់ផ្សោត ឈើទាល ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ក្រសួងទេសចរណ៍បញ្ជាក់ថា ពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូក​កៃយ៉ាកនេះ ត្រូវបានរៀបចំឡើងក្នុង​គោល​បំណង ដើម្បីលើកកម្ពស់​ការអភិរក្សផ្សោតមេគង្គ ផ្សព្វផ្សាយតំបន់សក្តានុពលអេកូទេសចរណ៍ សកម្មភាពទេសចរណ៍ ឱ្យកាន់តែសម្បូរបែប និងពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ឱ្យស្របតាមស្តង់ដាទេសចរណ៍ ព្រមទាំង​លើកទឹក​ចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិ អនាម័យបរិស្ថាន សំដៅទាក់ទាញ​កំណើននៃភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។ ទន្ទឹមនេះ ក៏មានការរៀបចំនូវព្រឹត្តិការណ៍ អមសំខាន់ៗមួយចំនួន រួមមាន៖ ១. ពិធីបុណ្យផ្សោតមេគង្គ (ពិធីសូត្រមន្ត) ២. កម្មវិធីអុំទូកកៃយ៉ាក ៣. ការតាំង ពិព័រណ៍ផលិត​ផលសហ​គមន៍​អេកូទេសចរណ៍ និងម្ហូបអាហារប្រចាំតំបន់ ៤. សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈ មហាជន (រត់ម៉ារ៉ាតុន ដើម្បី​សប្បុរសធម៌ ប្រណាំងទូកជាដើម) ៥. ការបោះតង់ជំរំទេស​ចរណ៍នៅលើកោះលន និងកោះទន្សាយ ៦. ទស្សនកិច្ច​សហគមន៍អេកូ​ទេសចរណ៍បុរីអូរស្វាយ (ស្តូបប្រវត្តិសាស្ត្របណ្ណាល័យហ្លួងម៉ែ) ៧. ទស្សនកិច្ចទឹកធ្លាក់សុភ័ក្រមិត្ត។

ក្រសួងទេសចរណ៍ក៏បានអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងសាធារណជន​ទាំងអស់ចូលរួមឱ្យបានច្រើនកុះករ ជាពិសេសរួមគ្នាជំរុញ ផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍នា​រដូវកាលបៃតង (Green season) ស្របតាមយុទ្ធនាការ ផ្សព្វផ្សាយ “ទេសចរណ៍ដើម្បីទាំងអស់គា្ន ទាំងអស់គ្នាដើម្បីទេសចរណ៍” “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” និង “បុគ្គលម្នាក់ៗជាអ្នកផ្សព្វ​ផ្សាយទេសចរណ៍កម្ពុជាម្នាក់”៕
ដោយ៖ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner