អភិបាលខេត្តកំពង់ស្ពឺ សម្ពោធសមិទ្ធិផលនានាតម្លៃជាង ៥០ម៉ឺនដុល្លារ និងជួយឧបត្ថម្ភសងជាង ១ម៉ឺនដុល្លារ នៅវត្តក្រាំងក្រូច ស្រុកគងពិសី
(កំពង់ស្ពឺ)៖ ទីនេះ អតីតកាលជាកន្លែងចំបាំងរាំងជល់គ្នាយ៉ាងស្វិតស្វាញដោយចុងអាវុធរវាងខ្មែរនិងខ្មែរ ប៉ុន្តែបច្ចុប្បន្នក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឣតីតនាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះបានធ្វើឱ្យខេត្តមួយនេះក្លាយជាខេត្តមានការអភិវឌ្ឍន៍រីកចម្រើនដោយនឹកស្មានមិនដល់។
ប្រជាជនខ្មែរទូទាំងប្រទេសត្រូវបានគេលាបពណ៌ឱ្យក្លាយជាខ្មែរក្រហម-ខ្មែរស-ខ្មែរខៀវ និងខ្មែរស៊ីជម្ពូ ដើម្បីច្បាំងសម្លាប់គ្នា តែពេលនេះគឺមានខ្មែរតែមួយ ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ ហើយបានអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើនគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ។
ការលើកឡើងដូច្នេះរបស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅក្នុងពិធីសម្ពោធសមិទ្ធិផលនានាក្នុងវត្តបទុមវ័ន ហៅវត្តក្រាំងក្រូច ស្ថិតក្នុងភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត សង្កត់ធ្ងន់ថា ជាង ៤០ឆ្នាំមកនេះប្រទេសកម្ពុជា មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយអាចឈរស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ទាំងនេះគឺដោយសារតែប្រទេសកម្ពុជាមានថ្នាក់ដឹកនាំខ្លាំងពូកែគឺសម្តេចតេជោ ហ៊ុន សែន។ ជាមួយនិងសុខសន្តិភាពនេះដែរសមិទ្ធិផលនានាក៏បានរីកដុះដាលឡើងស្របគ្នាទាំងវិស័យពុទ្ធចក្រ និង វិស័យអាណាចក្រ ជាក់ស្តែងសមិទ្ធិផលក្នុងវត្តបទុមវ័ន ហៅវត្តក្រាំងក្រូចដែលត្រូវដាក់សម្ពោធនាពេលនេះ។
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានណែនាំទៅដល់បងប្អូនដែលមានកូនបានបញ្ចប់ការសិក្សា ហើយកំពុងស្វែងរកការងារធ្វើ សូមទាក់ទងជាមួយមន្ទីរការងារដើម្បីសាកសួរព័ត៌មានពីការងារនៅតាមបណ្តារោងចក្រ ខណ:រោងចក្រកំពុងកកើតច្រើន និងកំពុងត្រូវការកម្មករបំពេញបន្ថែមរហូតជាងមួយម៉ឺននាក់ទៀត ៕
ម៉ុន សំអាត
