អ៊ុយក្រែនចោទចិនថា លួចជួយឧស្សាហកម្មសព្វាវុធរុស្ស៊ី
កៀវ ៖ ប្រធានសេវាស៊ើបការណ៍សម្ងាត់បរទេសរបស់អ៊ុយក្រែន លោក Oleh Ivashchenko និយាយថា អ៊ុយក្រែនមានទិន្នន័យ ដែលបញ្ជាក់ថា ចិនកំពុងលួចជួយផ្គត់ផ្គង់ដល់ឧស្សាហកម្មសព្វាវុធរបស់ រុស្ស៊ី។
លោក Ivashchenko បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃចន្ទថា អ៊ុយក្រែនមានភស្តុតាងអាចបញ្ជាក់បានថា ចិនកំពុងផ្តល់សម្ភារៈ និងឧបករណ៍សំខាន់ៗដល់រោងចក្រយោធារុស្ស៊ីចំនួន ២០។
លោក Ivashchenko បន្តថា ចិនបានផ្គត់ផ្គង់គ្រឿងម៉ាស៊ីន ផលិតផលគីមីពិសេស គ្រាប់រំសេវ និងសមាសធាតុពិសេសដល់ឧស្សាហកម្មផលិតកម្មការពារជាតិរុស្ស៊ី។
លោក Ivashchenko បន្ថែម ថា មាន ករណី ចំនួន ៦ ដែល ពាដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនទ្រង់ទ្រាយធំ នៃ សារធាតុ គីមី ពិសេស បប៉ុន្តែលោកមិន បាន ផ្តល់ ព័ត៌មាន លម្អិត ទេ។
បើតាមលោក Ivashchenko គិតត្រឹមដើមឆ្នាំ ២០២៥ មាន ៨០ភាគរយនៃសមាសធាតុអេឡិចត្រូនិចសំខាន់ៗដែលត្រូវបានរកឃើញនៅក្នុងយន្តហោះដ្រូនរបស់រុស្ស៊ីមានប្រភពមកពីប្រទេសចិន ។
យ៉ាងណាមិញ ចិនបានបដិសេធជាច្រើនលើកច្រើនសារ ចំពោះការចោទប្រកាន់របស់អ៊ុយក្រែន ដែលថា ខ្លួនកំពុងជួយដល់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
ទោះបីជាចិនប្រកាសរក្សាអព្យាក្រឹតភាព និងបដិសេធជាប់ពាក់ព័ន្ធក្នុងសង្គ្រាមក៏ដោយ ប៉ុន្តែខ្លួនបានបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយរុស្ស៊ី ចាប់តាំងពីការលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២៕
ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា