ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាប់ផ្តើមបញ្ចេញបណ្ណកម្មសិទ្ធដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា (ពន្ធសូន្យ) ប្រមាណ ៨០ម៉ឺនក្បាលដី ជូនប្រជាពលរដ្ឋចាប់ពីថ្ងៃនេះតទៅ

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីនឹងចាប់ផ្តើមបញ្ចេញនូវបណ្ណកម្មសិទ្ធដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា (ពន្ធសូន្យ) ប្រមាណ ៨០ម៉ឺនក្បាលដី ជូនប្រជាពលរដ្ឋចាប់ពីថ្ងៃនេះតទៅ ។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងាររវាងអង្គភាពសារពើពន្ធ និងអង្គភាពរដ្ឋបាលសុរិយោដី នាថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២៥ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមចែករំលែកទិន្នន័យព័ត៌មានទៅវិញទៅមក ដើម្បីបុព្វហេតុក្នុងការគ្រប់គ្រងចំណូលសារពើពន្ធរបស់រដ្ឋ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា បញ្ហាដីធ្លីគឺជាបញ្ហារ៉ាំរ៉ៃនិងអាចបង្កគ្រោះថ្នាក់ដល់សង្គមជាតិនាថ្ងៃខាងមុខ ប្រសិនបើយើងមិនមានវិធានការដោះស្រាយអោយបានសមស្របត្រឹមត្រូវនោះទេ ដូច្នេះដើម្បីកាត់បន្ថយវិវាទក្នុងសង្គមជាតិ រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់យុទ្ធសាស្ត្រចុះបញ្ជីដីធ្លីបង្ហើយ ដែលបច្ចុប្បន្នការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសដោយប្រើប្រាស់កំលាំងសរុប គឺនៅសល់ត្រឹមតែប្រមាណ ៣០ម៉ឺនក្បាលដីទៀតប៉ុណ្ណោះដែលនឹងត្រូវបញ្ចប់ជាស្ថាពរ ក្រៅពីនេះក៏នៅមានការចុះបញ្ជីដីរដ្ឋ និងដីឯកជនរបស់រដ្ឋផងដែរ ។

តាមរយៈកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍គាំទ្រដល់ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចំពោះការសម្រួលនីតិវិធីដើម្បីដោះស្រាយបញ្ចប់បញ្ហាក្បាលដីជាប់ពន្ធសូន្យ ដោយត្រូវបញ្ជូនឯកសារមកខាងពន្ធដារ ដើម្បីសម្រួលបែបបទនិងផ្ទៀងផ្ទាត់ទិន្នន័យនានាជាដើម, ការធ្វើបទបញ្ញត្តិដើម្បីគ្រប់គ្រងបុរី គឺជាកត្តាសំខាន់ងាយស្រួលក្នុងការគ្រប់គ្រងលើការបង់ពន្ធ, គាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងការបង្កើតសេវាគាប់ចិត្តតាមប្រព័ន្ធអនឡាញ ដែលធ្វើឲ្យប្រជាពលរដ្ឋងាយស្រួលប្រើប្រាស់លើរាល់សេវាកម្មទាំងអស់ ទាំងសេវាសុរិយោដី និងពន្ធដារ ឆ្លើយតបតាមតម្រូវការជាក់ស្ដែងដោយមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរមកដល់ទីតាំង និងអាចទទួលបានសេវាគ្រប់ពេលវេលានិងគ្រប់ទីកន្លែងទាំងអស់ និងស្នើសុំឱ្យបង្កើតក្រុមការងារ E-administration, File sharingដោយមានឆន្ទៈធ្វើការរួមគ្នារវាងខាងសុរិយោដីនិងពន្ធដារផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner