សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចការងារផ្លូវការ រយៈពេល ៤ថ្ងៃ
(តូក្យូ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ ហាណេដា (HANEDA) ទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចការងារផ្លូវការ រយៈពេល ៤ថ្ងៃ ព្រមទាំងបានការទទួលស្វាគមន៍ ពីសំណាក់ លោកជំទាវ IKUINA Akiko សមាជិកសភា និងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន និង ឯកឧត្តម MIYASHITA Tadayuki ប្រធានពិធីការ ។
ជាមួយដំណើរអញ្ជើញដល់ប្រទេសជប៉ុននេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ដែលបានមករង់ចាំ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត ក្នុងឱកាសគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកបំពេញទស្សនកិច្ចការងារផ្លូវការ រយៈពេល៤ថ្ងៃ ទីក្រុងតូក្យូ ប្រទេសជប៉ុន ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ប្រព្រឹត្តទៅពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ តបតាមការ អញ្ជើញរបស់រដ្ឋាភិបាលជប៉ុន ។
អញ្ជើញអមដំណើរសម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមមាន ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី មន្ត្រីជាន់ ខ្ពស់នៃរាជរដ្ឋាភិបាល និងតំណាងពីវិស័យឯកជន។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតី នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ISHIBA Shigeru នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន។ សម្តេចធិបតី ក៏គ្រោងនឹងមានជំនួបទ្វេភាគីដាច់ដោយឡែក ជាមួយថ្នាក់ដឹកនាំ នៃស្ថាប័ននីតិបញ្ញត្តិជប៉ុន និងអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ នៅក្នុង សន្និសីទអន្តរជាតិ លើកទី៣០ ស្តីពី «អនាគតរបស់អាស៊ី»។ លើសពីនេះ សម្តេចធិបតី នឹងអញ្ជើញ ចូលរួមវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន ។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុន សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត នឹងមានជំនួបសំណេះសំណាលជាមួយ សហគមន៍ខ្មែរនៅប្រទេសជប៉ុន ផងដែរ ៕






ដោយ ៖ វណ្ណលុក