លោក Trump ព្រមានថា លោក Putin កំពុងប្រឡែងលេងជាមួយភ្លើងក្នុងសង្គ្រាមអ៊ុយក្រែន

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានចំៗទៅកាន់លោក វ្ល៉ាឌីមៀ ពូទីន ថា មេដឹកនាំរុស្ស៊ីរូបនេះ កំពុងប្រឡែងលេងជាមួយភ្លើង ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងថ្លឹងថ្លែងដាក់ទណ្ឌកម្មថ្មីប្រឆាំងទីក្រុងមូស្គូ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។

ការព្រមាននេះ បានបង្ហាញពីការខកចិត្តរបស់លោកប្រធានាធិបតី ត្រាំ ចំពោះលោកប្រធានាធិបតី ពូទីន ពោលគឺពីរថ្ងៃបន្ទាប់ពីរូបលោកហៅមេដឹកនាំរុស្ស៊ីរូបនេះថា ជាមនុស្សឆ្កួត ក្រោយវាយប្រហារដោយយន្តហោះដ្រូនទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ុយក្រែន។

លោកប្រធានាធិបតី ត្រាំ បានបង្ហោះសារលើបណ្ដាញសង្គម Truth Social យ៉ាងដូច្នេះថា អ្វីដែលលោក វ្ល៉ាឌីមៀ ពូទីន មិនបានដឹង នោះគឺថា ប្រសិនបើមិនមានខ្ញុំទេ ម្ល៉េះរឿងអាក្រក់ជាច្រើននឹងកើតឡើងលើរុស្ស៉ី … ខ្ញុំចង់មានន័យថា រឿងអាក្រក់បំផុត … គាត់កំពុងប្រឡែងលេងជាមួយភ្លើងហើយ។

យ៉ាងណាមិញ លោក ដូណាល់ ត្រាំ មិនបានបញ្ជាក់លម្អិតថាតើអ្វីទៅជារឿងអាក្រក់ទាំងនោះឡើយ។ ប៉ុន្តែសារព័ត៌មានអាមេរិកធំៗចំនួនពីរ គឺ Wall Street Journal និង CNN បានរាយការណ៍ថា លោក ត្រាំ កំពុងពិចារណាដាក់ទណ្ឌកម្មបន្ថែមប្រឆាំងរុស្ស៉ី។ ជាក់ស្តែង មេដឹកនាំមេរិករូបនេះ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ក៏បានប្រាប់អ្នកកាសែតដែរថា ជាការពិតណាស់ លោកកំពុងពិចារណាលើការដាក់ទណ្ឌប្រឆាំងរុស្ស៉ី៕

ប្រភព ៖ The guardian ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner