អភិបាលស្រុករមាសហែក៖ ភាពស្អាត គឺជាសសរស្តម្ភមួយ​ដែលមាន​ចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន

ស្វាយរៀង៖លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបាន​លើក​ឡើង​ថា ភាពស្អាត គឺជាសសរស្តម្ភមួយ ដែលមានចែងក្នុង​យុទ្ធសាស្រ្តចក្រា​វិស័យបរិស្ថាន ដែលរៀបចំបង្កើតឡើង ដោយអនុវត្តតាមអនុសាសន៍​ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តីកម្ពុជា និងអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាល​ទី១ របស់​រាជរដ្ឋាភិបាលកម្ពុជា។

លោក ស៊ូ ម៉ុល ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក​បាន​ថ្លែងបែបនេះកាលពីព្រឹកថ្ងៃទី២៩ ខែឧសភា​ក្នុងឱកាសដឹកនាំ​មន្ត្រី ឃុំទាំង​៦ដែលស្ថិតអមផ្លូវជាតិលេខ១៣  កងកម្លាំង នគរបាល យោធាស្រុក  ព្រមទាំងសិស្សា​នុសិស្ស ចុះធ្វើអនាម័យ តាមដង​ផ្លូវជាតិ​លេខ១៣ រៀបចំសណ្តាប់ធ្នាប់ផ្សារកំពង់ត្រាច ។ក្នុងឱកាសនេះ​ក៏មាន​ការដាំកូន​ឈើបន្ថែម តាមចំណីដង​ផ្លូវជាតិ​លេខ១៣ ចំនួន ១២ ០០០ដើម (ដើម ក្រញូង ក្ងោក ស្វាយ ស្ងាន់ ) ដោយអ្នក​ចូលរួម ជាង៣ ០០០នាក់។

ក្នុងឱកាសនេះលោកក៏បានអំពាវនាវអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ រៀបចំសកម្មភាព ចុះសំអាតផ្លូវជាតិ នៅតាមមូលដ្ឋានរៀងៗខ្លួន ។បន្តចូលរួមយុទ្ធនាការ កាត់បន្ថយការ​ប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិន​ប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ឆ្ពោះទៅជាចលនា គ្រប់ទីកន្លែងស្អាត ដើម្បី​ជំរុញភាព​ស្អាតរបស់កម្ពុជាបន្ថែមទៀត៕


ដោយ៖នុត នាង

ads banner