ក្រុមប្រឹក្សាផ្លាស់ប្តូរមតិមិត្តភាពអន្តរជាតិ នឹងបន្តចូលរួមចំណែក​ដល់​ការ​ពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន

តូក្យូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក MATSUZAWA Ken ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមតិមិត្តភាព​អន្តរជាតិ និងសហការី​ ចូលជួបសម្ដែងការគួរសម និងពិភាក្សា​ការងារ នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាស​នៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមប្រឹក្សាផ្លាស់ប្ដូរមិត្តភាព​អន្តរជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​សម្តេច​បវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូល​ជួប​សម្តែងការគួរសម។ លោកប្រធានក្រុមប្រឹក្សាក៏បានជម្រាបជូន​សម្តេចបវរធិបតីអំពីសកម្មភាពការងាររបស់ក្រុមប្រឹក្សា ដែលផ្តោតសំខាន់លើទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងធុរកិច្ច។

លោកប្រធានក្រុមប្រឹក្សាមានជំនឿយ៉ាងមុតមាំថា តាមរយៈដំណើរ​ទស្សនកិច្ចការងារផ្លូវការរបស់សម្តេចបវរធិបតី មកកាន់ប្រទេស​ជប៉ុននា​ពេលនេះ, ទំនាក់ទំនងកម្ពុជា-ជប៉ុន​ នឹងកាន់តែត្រូវបាន​ជំរុញ​បន្ថែមទៀត ហើយក្រុមប្រឹក្សាក៏នឹងចូលរួមចំណែក​បន្ថែម​ដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាងកម្ពុជា និងជប៉ុនផងដែរ។

ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងសេចក្តីសោមន​ស្សរីករាយ ដែលបានជួបជាមួយលោកប្រធានក្រុមប្រឹក្សា និង​សហការី។ សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន ព្រមទាំងបាន​លើកឡើងពីសារៈសំខាន់នៃការទូតសេដ្ឋកិច្ច ដែលក្រៅពីទំនាក់ទំនង​លើផ្នែកនយោបាយ និងសន្តិសុខ, ការទូតសេដ្ឋកិច្ច គឺជាកត្តាសំខាន់ ដែលរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងដោះស្រាយបញ្ហា​មួយចំនួន នៅពេលដែលទំនាក់ទំនងនយោបាយជួបប្រទះបញ្ហា។

សម្តេចបវរធិបតីក៏បានរំឭកអំពីការដាក់ចេញយុទ្ធសាស្ត្រត្រីកោណរបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីសង្គ្រាមត្រូវបានបញ្ចប់ទាំង​ស្រុង​​នៅ​កម្ពុជា នៅចុងឆ្នាំ១៩៩៨។ សម្តេចបានបញ្ជាក់ថា មុំមួយនៃយុទ្ធ​សាស្ត្រ​ត្រីកោណ គឺការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងតំបន់ និងពិភពលោក​ ដូចជា​៖ ការក្លាយជាសមាជិកអង្គការពាណិជ្ជកម្ម​ពិភពលោក (WTO) និង​ សមាជិកពេញសិទ្ធិអាស៊ាន ជាដើម។

សម្តេចបវរធិបតីក៏បានគូសបញ្ជាក់ពី គោលនយោបាយដ៏សំខាន់មួយ​របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា​ គឺនយោបាយ​ការ​ទូត​សេដ្ឋកិច្ច ដែលជាគោលនយោបាយបើកចំហ, ស្វាគមន៍ការវិនិ​យោគ និងធុរកិច្ច ពីគ្រប់បណ្តាប្រទេស ហើយ កម្ពុជានៅតែប្រកាន់​ខ្ជាប់នូវគោលការណ៍ពហុភាគីនិយម ក្នុងខណៈដែលពិភពលោក​កំពុងមានការប្រែប្រួលឥតឈប់ឈរ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner