តុលាការអាមេរិកសម្រេចរារាំងការតំឡើងពន្ធភាគច្រើន របស់លោក Trump

បរទេស៖ តុលាការសហព័ន្ធ កាលពីថ្ងៃពុធ បានសម្រេចរារាំងការតំឡើងពន្ធភាគច្រើន របស់លោក Trump ហើយថែមទាំងបានអះអាងថា លោកប្រធានាធិបតីអាមេរិក រូបនេះ កំពុងប្រើអំណាច ធ្វើលើសពីតួនាទី ជុំវិញការដាក់សំពាធ លើទំនិញនាំចូល ពីបណ្តាប្រទេសជាច្រើន នៅទូទាំងពិភពលោក។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN តុលាការពាណិជ្ជកម្មអន្តរជាតិអាមេរិក បានអះអាងថា ការដាក់ពន្ធរបស់លោក Donald Trump បានបង្កើនតម្លៃទំនិញប្រចាំថ្ងៃប៉ះពាល់ខ្លាំងដល់ប្រជាជនអាមេរិក ដែលជាអ្នកប្រើប្រាស់។ ក្រុមចៅក្រមបី រូប បានសម្រេចរារាំងពន្ធសកល របស់លោក Trump ដែលបានដាក់ចេញ កាលពីដើម ខែមេសា។ ពួកគេ ក៏បានរារាំងលោក Trump ពីការអនុវត្តពន្ធរបស់លោក ដែលបានដាក់ កាលពីដើមឆ្នាំនេះ ប្រឆាំងនឹងប្រទេសចិន ម៉ិកស៊ិក និងកាណាដា បើទោះបីជា លោក Trump អះអាងថា ធ្វើឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងថ្នាំញៀនសំយោគ fentanyl ចូលមក ក្នុងសហរដ្ឋអាមេរិក ក៏ដោយ។

តុលាការ ដែលតែងតែដោះស្រាយវិវាទជុំវិញពន្ធគយ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ មួយនេះ បានទុកពេល ១០ថ្ងៃ បញ្ជាឲ្យរដ្ឋបាលលោក Trump អនុវត្តដីកានេះ នោះមានន័យថា ភាគច្រើននៃពន្ធគយ របស់លោក Trump នឹងត្រូវជាប់គាំង ប្រសិនបើសេចក្តីសម្រេច នៅតែឈ្នះ អំឡុងការប្តឹងឧទ្ធរណ៍ ជាមួយតុលាការកំពូល។

ភ្លាមៗ រដ្ឋបាលរបស់ លោក Trump បានសម្រេចថា នឹងប្តឹងជំទាស់ ការសម្រេចចិត្តនេះ។ អ្នកនាំពាក្យសេតវិមាន លោក Kush Desai បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចៅក្រមដែលមិនបានជាប់ឆ្នោត ទាំងនេះ គ្មានសិទ្ធិសម្រេចចិត្ត ពីរបៀបដោះស្រាយ ភាពអាសន្នជាតិ នោះទេ។ ប្រធានាធិបតី Trump បានសន្យាថា នឹងដាក់អាមេរិក ជាអាទិភាព ហើយរដ្ឋបាលនេះ បានប្តេជ្ញាប្រើប្រាស់ គ្រប់អំណាចប្រតិបត្តិ ដើម្បីដោះស្រាយវិបត្តិនេះ និងស្ដារភាពអស្ចារ្យរបស់អាមេរិក ឡើងវិញ។

យ៉ាងណាមិញ លោក Gary Clyde Hufbauer អ្នកជំនាញជាន់ខ្ពស់ នៅវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ បានចាត់ទុកការរារាំង របស់តុលាការថា ជា “ការសម្រេចចិត្ត ដ៏គួរឱ្យភ្ញាក់ផ្អើល និងអស្ចារ្យ” ។ លោកថែមទាំងប្រាប់ CNN ថា «អ្វីដែលប្រធានាធិបតី យកលេសថា ត្រូវតែធ្វើ ដើម្បី “សន្តិសុខជាតិ” ឬ “ភាពអាសន្នជាតិ” នោះ គឺគ្រាន់តែជាពាក្យសម្តីវេទមន្ត តែប៉ុណ្ណោះ៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner