ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន១១៩ គ្រួសារ ដែលចល័តទៅកាន់តំបន់សុវត្ថិភាព
ភ្នំពេញ៖ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន ១១៩ គ្រួសារ ដែលចល័តទៅរកតំបន់សុវត្ថិភាពក្រោយពីមានការប៉ះទង្គិចគ្នា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ដោយមានការភ័យខ្លាច ព្រួយបារម្ភពីការប្រឈមមុខដាក់គ្នា បងប្អូន អ៊ំពូមីង លោកយាយ លោកតា ប្រជាជននៅភូមិតេជោមរកត និងភូមិសែនតេជៈ ឃុំមរកត បានបង្ខំចិត្តនាំគ្រួសារកូនចៅ ចាកចោលផ្ទះសំបែង ដីស្រែចម្ការ និងរបររកស៊ីរបស់ខ្លួន មកស្នាក់នៅមណ្ឌលសុវត្ថិភាពតាកឹង។
ក្នុងឱកាសនេះឯកឧត្តម ហ៊ុន ម៉ានិត បានជម្រាបប្រជាពលរដ្ឋនៅទីនោះថា សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត បានធ្វើការជាមួយភាគីមិត្ត ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ហើយយើងអត់ធ្មត់ បញ្ចៀសការប្រឈមមុខដាក់គ្នា ធានារក្សាព្រំដែនសន្តិភាព។
ឯកឧត្តមក៏បានផ្សព្វផ្សាយពីលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំទ្វេភាគី រវាងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជាមួយមេបញ្ជាការកងទ័ពជើងគោកថៃ កាលពីម្សិលមិញនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ហើយបានលើកទឹកចិត្តពួកគាត់ត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ ដើម្បីមើលថែផ្ទះសំបែង បង្កបង្កើនផល ប្រកបរបររកស៊ី ហើយកូនៗអាចបន្តការសិក្សាបានជាធម្មតា៕






ដោយ៖មុនី