សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ កុមារកំព្រានៃមណ្ឌលមែកឈើ និងអង្គការសង្គ្រោះជនអស់សង្ឃឹម អបអរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥

(ភ្នំពេញ)៖ ដើម្បីអបអរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកសម្ភារអនាម័យ និងនំភីហ្សា ចែកជូនដល់កុមារកំព្រានៅមណ្ឌលមែកឈើ ចំនួន ១២០នាក់ និងកុមារនៅអង្គការសង្គ្រោះជនអស់សង្ឃឹមចំនួន ១២៤នាក់ រួមជាមួយគ្រូ អ្នកថែទាំ ៣៦នាក់ សរុបទាំងពីរមណ្ឌលចំនួន ២៨០នាក់ ដែលស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃមណ្ឌលមែកឈើ និងអង្គការសង្គ្រោះជនអស់សង្ឃឹម ដែលបានទំនុកបម្រុងជួយមើលថែទាំ ផ្តល់ការស្នាក់នៅ ការសិក្សាអប់រំ ការហូបចុក ថែមទាំងគិតគូរដល់អនាគតរបស់កុមារ-យុវជន ដែលជាទំពាំងស្នងឬស្សី ហើយដែលនេះគឺជាការចូលរួមចំណែកជួយដល់សង្គមជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ។

ជាមួយគ្នានេះ លោកជំទាវ ក៏បានផ្តាំផ្ញើដល់ក្មួយៗចៅៗទាំងអស់ ត្រូវចេះរក្សាអនាម័យក្នុងការរស់នៅ ចេះស្រឡាញ់គ្នា ជួយយកអាសាគ្នាទៅវិញទៅមក ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អនៅក្នុងសង្គម។

សូមជម្រាបជូនថា ការចុះជួបសំណេះសំណាលជាមួយកុមារនាឱកាសនេះ ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពី ការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជា ពិសេសរាជរដ្ឋាភិបាលចំពោះកុមារ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា យុទ្ធសាស្ត្រចតុកោណ យុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ក្របខ័ណ្ឌគោលនយោបាយ កម្មវិធីនយោបាយ និងផែនការសកម្មភាពជាតិរបស់រាជរដ្ឋាភិបាល អនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ អនុសញ្ញារបស់អង្គការសហប្រជាជាតិ ខាងការងារលេខ១៨២ ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរ ដូចជា ទាសករ កុមារ ការជួញដូរកុមារ ពេស្យាចារកុមារ និងការប្រើប្រាស់កុមារ ការកាប់សម្លាប់ ការធ្វើទារុណកម្ម ក្នុងជម្លោះប្រដាប់អាវុធ និងក្នុងស្ថានភាពងាយរងគ្រោះជាដើម។

លោកជំទាវអគ្គលេខាធិការរងទី១ ក៏បានគូសបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ បានទទួលការឧបត្ថម្ភគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ ទើបធ្វើឱ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាពក្នុងការចុះជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ក៏ដូចជាកុមារកំព្រា កុមារក្រីក្រ ចាស់ជរាឥតទីពឹង ជាក់ស្តែង មណ្ឌលមែកឈើ និងអង្គការសង្គ្រោះជនអស់សង្ឃឹម នេះជាដើម។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បាននាំយកនូវសម្ភារប្រើប្រាស់ និងសម្ភារអនាម័យជូនដល់កុមារ និងគ្រូ ព្រមទាំងអ្នកថែទាំ ដោយក្នុងម្នាក់ៗ ទទួលបាន៖ ទឹកបរិសុទ្ធ ២ដប, ទឹកដោះគោប្រអប់ ១ប្រអប់, សាប៊ូកក់សក់ ១ដប, សាប៊ូដុសខ្លួន ២ដុំ និងនំភីហ្សា ១ប្រអប់តូច យ៉ាងឆ្ងាញ់ពិសា។ ដោយឡែក កុមារា កុមារី ដែលបានសម្តែងរបាំប្រពៃណីខ្មែរ និងចូលរួមលេងល្បែងល្បងប្រាជ្ញាទទួលបានថវិកាឧបត្ថម្ភមួយចំនួនផងដែរ ៕

ដោយ / គ្រី​ សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner