បុរសម្នាក់ជាប់គុក ១០ខែ ពីបទលួចលុយគេលើយន្តហោះ
សិង្ហបុរី ៖ អ្នកដំណើរជនជាតិចិនម្នាក់ត្រូវបានតុលាការផ្តន្ទាទោសជាប់ពន្ធធនាគាររយៈពេល ១០ខែ ពីបទលួចលុយ ២០០ដុល្លារ និងកាតឥណទានរបស់អ្នកដំណើរផ្សេងទៀត នៅពេលជិះនៅលើជើងហោះហើរ Scoot ចាកចេញពីម៉ាឡេស៊ីឆ្ពោះទៅកាន់សិង្ហបុរី កាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី២៨ ខែឧសភា ជនជាតិចិនឈ្មោះ Zhang Kun មានអាយុ ៥១ឆ្នាំ ដែលកំពុងជាប់ឃុំ ត្រូវបានតុលាការផ្តន្ទាទោសជាប់គុក ១០ខែ បន្ទាប់ពីរូបគេបានសារភាពទទួលស្គាល់កំហុសពីបទលួចលុយអ្នកដទៃ។
មុនពេលចាប់ខ្លួន លោក Zhang ត្រូវបានអ្នកដំណើរអង្គុយក្បែរគ្នាតាមទាន់ពេលកំពុងធ្វើសកម្មភាពលួចលុយ និងកាតឥណទានរបស់អ្នកដំណើរផ្សេងទៀត នៅពេលដែលជនរងគ្រោះ និងគូដណ្តឹងបានចាកចេញពីកន្លែងអង្គុយទៅជួបមិត្តភ័ក្តិ និងប្រពន្ធរបស់មិត្តភ័ក្តិ ដើម្បីប្រារព្ធពិធីខួបកំណើតនៅគូទក្រោយយន្តហោះ។
បន្ទាប់ពីយន្តហោះបានចុះចតនៅឯព្រលានយន្តហោះ Changi របស់សិង្ហបុរី លោក Zhang ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន បន្ទាប់ពីជនរងគ្រោះបានតេទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ច។ ដើមឡើយ ជនសង្ស័យបានបដិសេធ ប៉ុន្តែដោយសារមានសាក្សីឃើញសកម្មភាពរបស់ Zhang ផ្ទាល់ភ្នែក ទើបរូបគេទទួលស្គាល់កំហុស។
ដើម្បីជាការលើកទឹកចិត្ត ប៉ូលិសបានប្រគល់ពានរង្វាន់ Public Spiritedness Award ដល់សាក្សីឈ្មោះ K. Visvanathan អាយុ ៥៩ឆ្នាំជនជាតិសិង្ហបុរីកាលពីថ្ងៃទី២៥ ខែមីនា សម្រាប់ការរួមចំណែករបស់គាត់ឈានដល់ការចាប់ខ្លួន Zhang៕
ប្រភព ៖ The Strait times ប្រែសម្រួល ៖ ឈឹម ទីណា
