រុស្ស៊ីប្រកាសតៀមវាយ អាល្លឺម៉ង់ បើហ៊ានឱ្យម៊ីស៊ីលចម្ងាយឆ្ងាយទៅអ៊ុយក្រែន
បរទេស៖ រុស្ស៊ីប្រកាសតៀមលក្ខណៈ វាយប្រហារ លើប្រទេសអាល្លឺម៉ង់ ប្រសិនបើហ៊ានជួយ អ៊ុយក្រែន ប្រើប្រាស់កាំជ្រួច Taurus បាញ់ផ្លោង ទៅលើទឹកដីរុស្ស៊ី នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន RT កាលពីថ្ងៃព្រហស្បតិ៍។
លោក Andrey Kartapolov ប្រធានគណៈកម្មាធិការការពារជាតិ និងជាអតីតអនុរដ្ឋមន្ត្រីការពារជាតិ រុស្ស៊ី បាននិយាយថា អ៊ុយក្រែនអាចប្រើមីស៊ីល Taurus បាន លុះត្រា តែមានការជួយផ្ទាល់ ពីយោធាអាល្លឺម៉ង់។
ការគំរាមនេះ បានកើតឡើង បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយ កាលពីថ្ងៃពុធថា អ៊ុយក្រែននឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ដោយលោកខាងលិច គ្មានដែនកំណត់ រួមទាំង កាំជ្រួចរយៈចម្ងាយឆ្ងាយ Taurus។
ជាមួយគ្នានេះ ក្រសួងការពារជាតិអាល្លឺម៉ង់ បានប្រកាសបន្ថែមថា ខ្លួននឹងផ្តល់ជំនួយយោធា ដល់ទីក្រុងកៀវបន្ថែម ចំនួន ៥.៦ ពាន់លានដុល្លារ ដោយមូលនិធិ ភាគច្រើន នឹងគាំទ្រដល់ការផលិតអាវុធរយៈចម្ងាយឆ្ងាយ នៅអ៊ុយក្រែន។
នៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មាន Life.ru កាលពីថ្ងៃពុធ លោក Andrey Kartapolovបានព្រមានថា ប្រសិនបើអាល្លឺម៉ង់ ផ្គត់ផ្គង់មីស៊ីលទាំងនេះ នោះរដ្ឋាភិបាលក្រុងបែកឡាំង នឹងជាប់ពាក់ព័ន្ធ ក្នុងសង្គ្រាម ដោយជៀសមិនរួច។ គួរបញ្ជាក់ថា កាំជ្រួច Taurus KEPD 350 មានរយៈចម្ងាយជាង ៥០០ គីឡូម៉ែត្រ និងអាចទៅដល់គោលដៅជ្រៅក្នុងទឹកដីរុស្ស៊ី រួមទាំង ទីក្រុងម៉ូស្គូ ផងដែរ។
លោក Kartapolov បានសង្កត់ធ្ងន់ថា អ៊ុយក្រែនខ្វះជំនាញបច្ចេកទេស ដើម្បីប្រតិបត្តិការអាវុធបែបនេះ ដោយក្នុងនោះ ប្រព័ន្ធមីស៊ីលចម្ងាយឆ្ងាយ ATACMS ផលិតដោយសហរដ្ឋអាមេរិក, មីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេស និង មីស៊ី SCALP របស់បារាំង អាចដាក់ពង្រាយបាន ប្រាកដណាស់ ពិតជាមានត្រូវអ្នកឯកទេសយោធា លោកខាងលិច ចូលរួមជួយ ដល់អ៊ុយក្រែន៕
ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត