អាជ្ញាធរអាមេរិកចាប់ឥណ្ឌាជាង១ពាន់នាក់ បណ្តេញចេញពីប្រទេស

បរទេស៖ ចាប់តាំងពីខែមករា ឆ្នាំ២០២៥មក ពលរដ្ឋឥណ្ឌា ជាង១០០០នាក់ ត្រូវបានអាជ្ញាធរសហរដ្ឋអាមេរិកចាប់បណ្តេញចេញពីប្រទេស នេះបើតាមក្រសួងការបរទេសឥណ្ឌា ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃសុក្រនេះ។

អំឡុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក Randhir Jaiswal អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បាននិយាយថា ប្រហែល៦២% នៃអ្នកដែលគេចាប់បណ្តេញទាំងនោះ បានធ្វើដំណើរ ទៅដល់ឥណ្ឌា តាមរយៈជើងហោះហើរពាណិជ្ជកម្ម តែ មិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ យ៉ាងណាមិញ លោកបានអះអាងថា មានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងឥណ្ឌា និងសហរដ្ឋអាមេរិក លើបញ្ហាចំណាកស្រុក ដោយក្នុងនោះ មានការផ្ទៀងផ្ទាត់សញ្ជាតិ មុនពេលបញ្ជូន ទៅមាតុប្រទេសវិញ។

ហេតុការណ៍នេះ បានកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Trump បានដាក់សំពាធថា ឥណ្ឌាត្រូវតែសហការ លើការនិរទេសជនចំណាកស្រុកខុសច្បាប់។ ជាក់ស្តែង កាលពីខែកុម្ភៈ អាមេរិកបាននិរទេសជនជាតិឥណ្ឌា ជាង១០០នាក់តាមជើងហោះហើរយោធាអាមេរិក តែមានរបាយការណ៍ បង្ហាញថា ពួកគេមួយចំនួន ត្រូវបាននាំយកមកវិញ ទាំងទទើសទទែង។

សហរដ្ឋអាមេរិកបានកំណត់ អត្តសញ្ញាណជនជាតិឥណ្ឌា ប្រហែល ១៨,០០០នាក់ ដែលគេជឿថា បានចូលទៅរស់នៅអាមេរិក ដោយខុសច្បាប់ ឬ គ្មានឯកសារត្រឹមត្រូវ។

នាពេលនោះដែរ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា ក៏បាននិយាយអំពីគោលនយោបាយថ្មី របស់រដ្ឋបាល Trump ស្តីពីទិដ្ឋាការនិស្សិតបរទេស ក្នុងនោះ រួមមានទាំង ការលុបទិដ្ឋាការយ៉ាងចាស់ដៃ សម្រាប់និស្សិតចិន ផងដែរ។

លោក Jaiswal បានថ្លែងសង្ឃឹមថា កម្មវិធីសិក្សារបស់និស្សិតឥណ្ឌា នឹងត្រូវបានពិចារណា លើគុណសម្បត្តិ ហើយពួកគេនឹងអាចចូលរៀន បានទាន់ពេលវេលា។ បើតាមអ្នកនាំពាក្យ រូបនេះ និស្សិតឥណ្ឌាចំនួន៣៣ម៉ឺននាក់ បានទៅសិក្សានៅសហរដ្ឋអាមេរិក ចន្លោះពីឆ្នាំ២០២៣ ដល់ ២០២៤ ជាហេតុនាំឲ្យប្រទេសឥណ្ឌា ក្លាយជាប្រភពនិស្សិតអន្តរជាតិដ៏ធំបំផុត នៅក្នុងសហរដ្ឋអាមេរិក៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner