លោក Macron ថា ចិនគួររារាំងកូរ៉េខាងជើងបញ្ជូនទ័ពទៅជួយច្បាំងរុស្ស៊ី

សិង្ហបុរី ៖ មេដឹកនាំបារាំងបានជំរុញចិនឱ្យបញ្ឈប់សម្ព័ន្ធមិត្តកូរ៉េខាងជើង ពីការបញ្ជូនទ័ពទៅជួយច្បាំងរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន ប្រសិនបើខ្លួនចង់ជៀសវាងអង្គការណាតូពង្រីកតួនាទីនៅអាស៊ី។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយនៅឯកិច្ចសន្ទនាសាំងគ្រីឡាក្នុងប្រទេសសិង្ហបុរី នៅថ្ងៃសុក្រថា ប្រសិនបើចិនមិនចង់ឱ្យអង្គការណាតូចូលរួមក្នុងអាស៊ីអាគ្នេយ៍ ឬនៅអាស៊ីទេ ពួកគេគួរតែរារាំងកូរ៉េខាងជើងមិនឱ្យបញ្ជូនទ័ពទៅកាន់ទឹកដីអឺរ៉ុប ឬទៅជួយច្បាំងរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

កូរ៉េខាងជើងបានដាក់ពង្រាយទាហានជាង ១១.០០០នាក់ទៅកាន់ប្រទេសរុស្ស៊ីនៅចុងឆ្នាំ ២០២៤ និងទាហានបន្ថែមជាង ៣.០០០នាក់នៅចន្លោះខែមករា ដល់ខែមីនាឆ្នាំនេះ។

បើតាមរបាយការណ៍ រុស្ស៊ីបានផ្តល់ឲ្យកូរ៉េខាងជើងនូវប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិចទំនើបៗ រួមទាំងឧបករណ៍យោធាផ្សេងទៀត។

ក្រៅពីការបញ្ជូនទ័ព កាលពីឆ្នាំមុន កូរ៉េខាងជើងក៏បានផ្គត់ផ្គង់ដល់រុស្ស៊ីនូវមីស៊ីលប្រឆាំងរថក្រោះ និងសព្វាវុធផ្សេងទៀតផងដែរ ដោយរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner