យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ក៏មានការផ្សព្វផ្សាយ ពីការបរិច្ចាគឈាម ដើម្បីយកទៅសង្គ្រោះជីវិតកុមារនៅតាមមន្ទីរពេទ្យ
(ភ្នំពេញ)៖ យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីជួយ ដល់មន្ទីរពេទ្យគន្ធបុប្ផា នៅឆ្នាំ២០២៥នេះ ចាប់ផ្តើមឡើងពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ដោយនៅក្នុងយុទ្ធនាការនេះដែរ ក៏មានការផ្សព្វផ្សាយ ពីការបរិច្ចាគឈាម ដើម្បីយកទៅសង្គ្រោះជីវិតកុមារនៅតាមមន្ទីរពេទ្យ។

នេះជាការបញ្ជាក់ពី ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិ គាំពារសង្គម ដែលបានប្រាប់អ្នកសារព័ត៌មាន នៅក្រោយពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខពីម្ចាស់ទឹកដី មុនពេលពិធីបើកយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ប្រារព្ធធ្វើឡើងនៅបរិវេណស្តូបលោកយាយពេញ វត្តភ្នំ នៅថ្ងៃទី១ ខែមិថុនាស្អែកនេះ។

ឯកឧត្តម ថ្លែងថា យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់»ឆ្នាំ២០២៥ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ធ្វើឡើងក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា នេះជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ ជាមួយគ្នានេះ ក៏ដើម្បីផ្សារភ្ជាប់ និងបង្កើនសកម្មភាពចូលរួមរបស់សាធារណជន សប្បុរសជន ដើម្បីជួយសង្គ្រោះកុមារដែលកំពុងសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងក្នុងរាជធានីភ្នំពេញ និងសៀមរាប។

សូមបញ្ជាក់ កាលពីឆ្នាំ២០២៤ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ប្រមូលថវិកាបានសរុប៣,៣លានដុល្លារ សម្រាប់ជួយមន្ទីរពេទ្យគន្ធបុប្ផា គ្រាដែលគិតជាមធ្យមទៅលើការចំណាយប្រមាណ៤៣លានដុល្លារ ក្នុងមួយឆ្នាំៗ សម្រាប់បេសកកម្មផ្តល់ការពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះរាប់លានករណីប្រកបដោយគុណភាព ឥតគិតថ្លៃ និងមិនមានការរើសអើង។

ដើម្បីចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥នេះ, សាធារណជនអាចចូលរួមបរិច្ចាគតាមរយៈលេខគណនីរបស់មូលនិធិនៅគ្រឹះស្ថានហិរញ្ញវត្ថុទាំង១៦ ដែលជាដៃគូរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ឬតាមរយៈគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារអេស៊ីលីដា លេខ០០០១-០៣៤១២៧៣៨១៣ សម្រាប់ប្រាក់រៀល និង ០០០១-០៣៤១២៧៣៨២៤ សម្រាប់ប្រាក់ដុល្លារអាម៉េរិក ឬតាមរយៈ QR Code នៃគ្រឹះស្ថានហិរញ្ញវត្ថុទាំង១៦ ដែលជាដៃគូ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

