ឡាក់គី ផាវីលៀន ម៉ល សហការជាមួយក្រុមហ៊ុនធុរកិច្ចឯកជនចំនួន ១២ រៀបចំយុទ្ធនាការបរិច្ចាគឈាម ជួយសង្គ្រោះជីវិត
(ភ្នំពេញ)៖ ឡាក់គី ផាវីលៀន ម៉ល សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងសហភាពសហព័ន្ធយុវជនកម្ពុជា បានបើកយុទ្ធនាការបរិច្ចាគឈាម ជួយសង្គ្រោះជីវិត និងផ្តល់ក្តីសង្ឃឹមដល់អ្នកដែលកំពុងត្រូវការជំនួយជាចាំបាច់ ដែលជាការងារដ៏ចាំបាច់ក្នុងការជួយដល់សង្គមជាតិ ។ ដំណើរការបរិច្ចាគឈាមសង្គ្រោះជីវិត ដែលមានការចូលរួមសហការពីក្រុមក្រុមហ៊ុនដៃគូរនៃឡាក់គី ផាវីលៀន ម៉ល ចំនួន ១២ផ្សេងទៀតផងដែរនោះ បានប្រព្រឹត្តទៅនៅទីតាំងឡាក់គី ផាវីលៀន ម៉ល ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ។ ការរៀបចំកម្មវិធីនេះឡើង គឺជាចក្ខុវិស័យរួមនៃក្រុមហ៊ុនដែលចូលរួមសហការទាំងអស់ ក្នុងការចូលរួមចំណែកជួយដល់សង្គម គឺការគិតដល់សង្គមជាតិ ដែលមិនមែនគិតតែទៅលើការធ្វើអាជីវកម្មរបស់ពួកគេតែមួយមុខនោះទេ ។

ផ្ទុយពីអ្វីដែលមនុស្សមួយចំនួនបានបារម្ភជាមួយនឹងការឈឺចាប់នៃបូមឈាម កាផ្តល់ឈាមគឺជារឿងងាយស្រួលអនុវត្ត ព្រមទាំងទទួលបាននូវគុណប្រយោជន៍ជាច្រើនសម្រាប់បុគ្គលអ្នកផ្តល់ឈាមផ្ទាល់ និងអ្នកត្រូវការជំនួយឈាម ទាំងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តរបស់ពួកគេថែមទៀត ។ មន្រ្តីជំនាញថែមទាំងបានប្រៀបធៀបនូវទឹកចិត្តដ៏ល្អប្រពៃនៃអ្នកផ្តល់ឈាម គឺជាបុគ្គលបានសាងបុណ្យកុសលយ៉ាងធំធេងសំរាប់បច្ចុប្បន្នជាតិ និងអនាគតជាតិផងដែរ ។

យោងតាមអ្នកជំនាញ ការបរិច្ចាគឈាម គឺមិនមានគ្រោះថ្នាក់អ្វីទាំងអស់ ហើយមនុស្សគ្រប់រូបដែលមានសុខភាពល្អ និងស្ថិតនៅចន្លោះអាយុអាចបូបឈាមចេញបាន អាចស្ម័គ្រចិត្តបរិច្ចាកឈាមបានមួយឆ្នាំ ៣ដង ចំ ពោះស្រ្តី និង៤ដង ចំពោះបុរស ដែលនឹងធ្វើឲ្យចរន្តឈាមនៅក្នុងខ្លួនមនុស្សអាចសង្គ្រោះបាន និងមានសុវត្ថិភាពបំផុត និងថែមទាំងបានជួយសុខភាពខ្លួនឯងផង រួមទាំងជួយជីវិតអ្នកដទៃផង ។

តម្រូវការឈាមសម្រាប់សង្គ្រោះជីវិតមនុស្សជាតិ ត្រូវបានមន្ត្រីជំនាញបញ្ជាក់ថា គ្រប់ប្រទេសទាំងអស់នៅលើពិភពលោក គឺត្រូវការឈាម១% ធៀបនឹងចំនួនប្រជាជនសរុបនៃប្រទេសនីមួយៗ គិតជារយៈពេលមួយឆ្នាំ ក្នុងនោះកម្ពុជាក៏ត្រូវបានគេគណនាដូចគ្នាផងដែរ ។ កម្ពុជាបច្ចុប្បន្ន បើគិតពីចំនួនប្រជាជនធៀបជាមួយនឹងតម្រូវការឈាម គឺកម្ពុជាត្រូវការឈាមចំនួន ១៨ម៉ឺនកំប្លោក ក្នុងមួយឆ្នាំ ។ នៅជាមួយគ្នានោះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានផ្គត់ផ្គង់ឈាមទៅអ្នកជំងឺបានជាង ១៧ម៉ឺនកំប្លោកហើយ ក្នុង១ឆ្នាំ ដែលស្មើនឹង ៩០% នៃតម្រូវការសរុប ។ ហើយចំនួនឈាមដែលមជ្ឈមណ្ឌលជាតិទទួលបានទាំងនោះ ត្រូវគេបញ្ជាក់ថា គឺទទួលបានមកពីអ្នកស្ម័គ្រចិត្តផ្តល់ឈាមចំនួន ២៣% និងទទួលពីការផ្តល់ឈាមតាមរយៈការប្តូរចំនួន ៧៧% ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ រិន រចនា

