ទិវាកុមារកម្ពុជា ១មិថុនា ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព»
( ភ្នំពេញ )៖ ដើម្បីចូលរួមអបអរសាទរខួប លើកទី៧៦ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» និងខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «លើកកម្ពស់ការងារ សមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានា កំណើនប្រកបដោយចីរភាព និងភាពធន់» ឆ្នាំ២០២៥នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយសហការជាមួយនិងវិស័យឯកជន បានរៀបចំពិធីជួបជុំសំណេះសំណាល និងចែកអំណោយជាសម្ភារៈសិក្សា នំ និងភេសជ្ជៈ ជូនដល់កូនៗរបស់មន្រ្តីរាជការក្រសួងព័ត៌មាន ចំនួនជាង ៣០០នាក់ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ស្នាមញញឹមរបស់កុមារាកុមារីជាស្នាមញញឹមរបស់មាតា បិតា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានៅអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងបុរេសកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តយកចិត្តទុកដាក់ជាអាទិភាព តាមរយៈការដាក់ចេញកម្មវិធីនយោបាយនានា សំដៅគាំពារ អភិវឌ្ឍ និងលើកកម្ពស់សុខុមាលភាពកុមារ ចាំតាំងពីបឋមវ័យ រហូតដល់យុវវ័យ។ កុមារតំណាងឱ្យធនធានសក្តានុពលរបស់ប្រទេសជាតិ ដែលនឹងត្រូវបន្តវេននាពេលអនាគត។ «ដូច្នេះយើងទាំងអស់ត្រូវចូលរួមផ្តល់ក្តីស្រឡាញ់ ភាពសប្បាយរីករាយ និងក្តីសង្ឃឹមសម្រាប់កុមារទាំងអស់ដើម្បីពួកគេក្លាយខ្លួនជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។ កុមារកម្ពុជាទទួលបានភាពសុខសាន្ត និងការបីបាច់ថែក្សា ដោយក្តីអាណិតស្រលាញ់គ្រប់ៗគ្នា»។

នាឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រុមហ៊ុន មីដាស (Midas) ដែលបានចូលរួមចំណែកចែករំលែកក្តីស្រឡាញ់ជាមួយក្រសួងព័ត៌មាន សម្រាប់នាំយកកាបូប ព្រមទាំងសសម្ភារសិក្សាមកចែកជូនដល់កូនៗរបស់មន្ត្រីនៃក្រសួងព័ត៌មាននាឱកាសនេះផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានចាត់ទុកសកម្មភាពនេះជាការបង្ហាញពីការយកចិត្តទុកដាក់ និងការចែករំលែករបស់ក្រសួងព័ត៌មាន សប្បុរសជននានា ចំពោះកុមារាកុមារី ដើម្បីទទួលបានសម្ភារសិក្សា និងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ខិតខំប្រឹងប្រែង សិក្សារៀនសូត្រឱ្យបានពូកែ និងក្លាយជាធនធានមនុស្សដ៏ល្អ និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិនាថ្ងៃអនាគត ។

ឯកឧត្តម នេត្រ ភក្ត្រា ក៏លើកទឹកចិត្តដល់កុមារតូចៗទាំងអស់ ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបចំណេះវិជ្ជាពីលោកគ្រូអ្នកគ្រូ និងធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ។ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរកូនៗក្មួយៗកុមារាកុមារីទាំងអស់ទទួលបាននូវសុខភាពល្អ ប្រាជ្ញាវៀងវៃ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

