សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចនៅម៉ាឡេស៊ី និងជប៉ុន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាដោយសុវត្ថិភាព នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ក្រោយបញ្ចប់ដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ី និងទស្សនកិច្ចផ្លូវការការងារនៅប្រទេសជប៉ុន ។

សូមជម្រាបថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ក្រោមមូលបទ “បរិយាបន្ន និងចីរភាព” នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ក្នុងសម័យប្រជុំពេញអង្គ ប្រមុខដឹកនាំអាស៊ានបានពិនិត្យវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ានលើការបញ្ចប់ប្រកបដោយជោគជ័យនូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥។ ប្រមុខដឹកនាំក៏បានកោតសរសើរក្រុមការងារជាន់ខ្ពស់ស្តីពីចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ ក្រុមការងារជាន់ខ្ពស់សម្រាប់សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ក្រុមការងារចំពោះកិច្ច សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ានក្រោយឆ្នាំ២០២៥ និងគណៈ កម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ានដើម្បីបង្កើតចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្រ ព្រមទាំងបានអនុម័តឯកសារសំខាន់ៗទាំងនេះ សម្រាប់ដឹកនាំសហគមន៍អាស៊ានក្នុងពីរទសវត្សរ៍បន្ទាប់។

ជាមួយនេះ នៅក្នុងជំនួបរបស់ប្រមុខដឹកនាំអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន (AIPA) សម្តេចធិបតី បានគូសបញ្ជាក់ពីវិស័យគន្លឹះចំនួន៤ ដែលAIPA អាចរួមចំណែកប្រកបដោយអត្ថន័យ តាម រយៈ៖ (១) ការលើកកម្ពស់សន្តិភាព និងពហុភាគីនិយមដែលផ្តោតលើច្បាប់ និងប្រកបដោយបរិយាបន្ន (២) ការអនុម័តច្បាប់ និងត្រួតពិនិត្យការអនុវត្តការប្តេជ្ញាចិត្តនានា ដែលនឹងផ្តល់ប្រយោជន៍ដល់គ្រប់ ស្រទាប់នៃសង្គម (៣) ការជំរុញកិច្ចសហការអាស៊ានលើរបៀបវារៈបៃតងតាមរយៈច្បាប់ និង(៤) ការជំរុញកិច្ចសហការជាមួយដៃគូសន្ទនាអាស៊ាន ស្ថាប័នអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដើម្បីលើកកម្ពស់ សមភាព ចីរភាព និងភាពធន់។

ដោយឡែកនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការ ឈូងសមុទ្រ លើកទី២ និងកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ-ចិន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

១. កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ លើកទី២ ដោយថ្នាក់ដឹកនាំបានបញ្ជាក់សារជាថ្មីពីសារៈសំខាន់ នៃការបង្កើនលំហូរពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសតាមរយៈការពង្រឹងទំនាក់ទំនងរវាង សហគមន៍ធុរកិច្ច រួមទាំងការជំរុញកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN- BAC) និងសហព័ន្ធសភានៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។ ក្នុងន័យនេះ ថ្នាក់ដឹកនាំក៏បាន ពិភាក្សាលើការសិក្សាពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ក្រុមប្រឹក្សា សហប្រតិបត្តិការឈូងសមុទ្រផងដែរ។

២. កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ-ចិន បានប្រព្រឹត្តទៅក្រោម មូលបទ «ការរួមបញ្ចូលគ្នានៃកាលានុវត្តភាពសេដ្ឋកិច្ចឆ្ពោះទៅរកវិបុលភាពរួម» ក្នុងគោលបំណង ពង្រឹងភាពធន់សេដ្ឋកិច្ច ជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យ និងលើកកម្ពស់វិបុលភាពរួម។ ថ្នាក់ ដឹកនាំបានផ្លាស់ប្តូរមតិគ្នាលើការវិវត្តសំខាន់ៗក្នុងតំបន់ទាំងបី និងបានស្វែងរកវិស័យនៃកិច្ចសហ- ប្រតិបត្តិការដែលមានសក្តានុពល ដែលរួមមានពាណិជ្ជកម្មនិងការវិនិយោគ សេដ្ឋកិច្ចឌីជីថល សន្តិសុខស្បៀងនិងថាមពល ទេសចរណ៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងការផ្លាស់ប្តូរ ប្រជាជននិងប្រជាជន វប្បធម៌ និងការអប់រំ។

៣. ជំនួបទ្វេភាគី ៖ ស្របពេលនឹងកិច្ចប្រជុំកំពូលនេះ សម្តេចធិបតី ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ថ្នាក់ដឹកនាំរបស់ប្រទេសចិន ម៉ាឡេស៊ី ហ្វីលីពីន អូម៉ង់ បារ៉ែន និងកូវ៉ែត ដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី ព្រមទាំងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាដែលជាផលប្រយោជន៍រួម។ បន្ថែមពីលើនេះ សម្តេចធិបតី បានអញ្ជើញចូលរួមពិសាអាហារថ្ងៃត្រង់តបតាមការអញ្ជើញរបស់ ព្រះចៅស៊ុលតង់ ស៊ីប្រាហ៊ីម ព្រះមហាក្សត្រម៉ាឡេស៊ី ផងដែរ។ ទន្ទឹមនឹងនេះ សម្តេចធិបតី បានទទួល ជំនួបសម្តែងការគួរសមពីវិស័យឯកជន ដើម្បីពិភាក្សាលើបញ្ហាពាក់ព័ន្ធនឹងធុរកិច្ច ពាណិជ្ជកម្ម និង កាលានុវត្តភាពនៃការវិនិយោគ ។

សូមបញ្ជាក់បន្ថែមថា តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញ ទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន ពីថ្ងៃទី២៨ ដល់ ៣១ ខែឧសភា ឆ្នាំ២០២៥។ នៅក្នុងជំនួបកំពូល ទ្វេភាគី នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ុំស៊ីបាក់ ស៊ីហ្គេរី នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានបញ្ជាក់អំពីសារៈ សំខាន់នៃការពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងប្រទេសទាំងពីរ រួមមាន សហបង្កើតគុណតម្លៃសេដ្ឋកិច្ច និងសង្គម និងកិច្ចសហប្រតិបត្តិការសន្តិសុខផ្អែកលើទំនុកចិត្ត និងមិត្តភាពដែលប្រទេសទាំងពីរបានកសាងជាច្រើនឆ្នាំកន្លងមក។ ភាគីទាំងពីរក៏បានឯកភាពធ្វើការជាមួយគ្នា បន្ថែមទៀតដើម្បីរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើនីតិរដ្ឋ ក៏ដូចជាប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ។

ក្រៅពីជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន សម្ដេចធិបតី ក៏បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភាជប៉ុន រួមជាមួយនឹងបណ្ដាក្រុមហ៊ុនជាច្រើនរបស់ជប៉ុន ក្នុងគោលដៅដើម្បីទាក់ទាញការវិនិយោគ ក៏ដូចជាពង្រីកការវិនិយោគរបស់ក្រុមហ៊ុនដែលកំពុងបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាស្រាប់ ។

ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏មិនភ្លេចដែរ ដោយក្នុងនោះសម្ដេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅជប៉ុនមានអ្នកនយោបាយប្រឆាំង តែមិនមានអង្គការចាត់តាំង ចាំតែវាយប្រហារលើបណ្តាញសង្គមរាល់ថ្ងៃ ដូចអ្នកប្រឆាំងនៅកម្ពុជាឡើយ តែសម្ដេចអត់ខ្វល់ជាមួយអ្នកលើកបដាប៉ុន្មាននាក់នៅជប៉ុន ដោយសាររវល់គិតពីការចរចាដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ខណៈទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិតកំពូលក្នុងប្រវត្តិសាស្ដ្រ ។

ជាមួយនេះ សម្តេចធិបតី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ រួមគ្នាលើកទឹកចិត្តគាំទ្រកងទ័ព ខណៈគោលរបបហូបរបស់កងទ័ពជួរមុខ ស្មើគុណនឹងពីរជាមួយអ្នកជួរក្រោយ ហើយស្បៀងអាហារមានគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់កងទ័ព ។ ដម្ដេចក៏បានប្រកាសដែរថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងទ័ពកម្ពុជា នឹងប្រឹងប្រែងដោះស្រាយបញ្ហា និងការពារអធិបតេយ្យ បូរណភាពទឹកដី ។ ជាមួយនេះ សម្តេច ក៏បានចោទសួរទៅក្រុមប្រឆាំងដែលញុះញង់បំបែកបំបាក់ទឹកចិត្តកងទ័ពឱ្យស្អប់មេទ័ព ក្នុងពេលជិតផ្ទុះអាវុធ តើជាការស្នេហាជាតិដែរឬទេ? មានតែសត្រូវទេ ដែលព្យាយាមផ្សាយព័ត៌មានបំបាក់ទឹកចិត្តកងទ័ព និងព្យាយាមបំបាក់ទឹកចិត្តកងទ័ពពេលកម្ពុជាកំពុងមានបញ្ហាព្រំដែន ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ FN
វីដេអូ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner