ក្រសួងប្រៃសណីយ៍បើកសិក្ខាសាលានិងវគ្គបណ្តុះបណ្តាលស្តីពីសន្តិសុខសាយប័រ “ការកសាងភាពធន់សន្តិសុខសាយប័រ និងវប្បធម៌សុវត្ថិភាពសន្តិសុខសាយប័រ»

(ភ្នំពេញ)៖ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលានិងវគ្គបណ្តុះបណ្តាលស្តីពីសន្តិសុខសាយប័រ “ការកសាងភាពធន់សន្តិសុខសាយប័រ និងវប្បធម៌សុវត្ថិភាពសន្តិសុខសាយប័រ (Ambassador and Bootcamp Program on Cybersecurity “Building Cyber Resilience and Cyber Safety Culture)” នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សាស្ត្រាចារ្យ និងនិស្សិតមកពីគ្រឹះស្ថានឧត្តមសិក្សាសរុបចំនួន ១០០នាក់។

សិក្ខាសាលានិងវគ្គបណ្តុះបណ្តាលនេះ ត្រូវបានប្រព្រឹត្តឡើងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្នុងគោលបំណង ពង្រឹងសមត្ថភាពផ្នែកសន្តិសុខសាយប័ររបស់មន្ត្រីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងភាគីពាក់ព័ន្ធ ក្នុងគោលដៅជម្រុញការចាប់យកផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល និងចំណេះដឹងអំពីយន្តការកាត់បន្ថយហានិភ័យសន្តិសុខសាយប័រ។

សិក្ខាសាលានិងវគ្គបណ្តុះបណ្តាលនេះ នឹងត្រូវប្រព្រឹត្តឡើងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។ ប្រធានបទសំខាន់ៗ ដែលសិក្ខាកាមនឹងទទួលបានចំណេះដឹងទៅលើរួមមាន (១) មូលដ្ឋានគ្រឹះនៃសន្តិសុខសាយប័រ (២) ការយល់ដឹងអំពីការគំរាមកំហែងសាយប័រ និងយន្តការក្នុងការការពារស្ថាប័នពីការវាយប្រហារសាយប័រ (៣) ការឆ្លើយតបទៅលើឧប្បត្តិហេតុសន្តិសុខសាយប័រ (៤) ការវិភាគទៅលើសុវត្ថិភាពនិងហានិភ័យ – ការអនុវត្តនិងការកសាងភាពរឹងមាំផ្នែកសាយប័រ និង(៥) ការវិភាគទៅលើសុវត្ថិភាពនិងហានិភ័យ – ការវាយតម្លៃហានិភ័យសន្តិសុខសាយប័រ។

សិក្ខាសាលានិងវគ្គបណ្តុះបណ្តាលនេះ ជាកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងមជ្ឈមណ្ឌលស្រាវជ្រាវនិងនវានុវត្តន៍សន្តិសុខសាយប័រ (Centre for Cyber Security Research and Innovation – CCSRI) នៃសាកលវិទ្យាល័យ Royal Melbourne Institute of Technology (RMIT) ក្រោមការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner