ក្រសួងរៀបចំដែនដី ចាប់ផ្តើមសមរភូមិថ្មី ក្នុងការរៀបចំលំហសាធារណៈ និងលំហបៃតង ផ្តោតលើធនធានមនុស្ស គុណភាពជីវិត និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រសួងបានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាងនិងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ។

ថ្លែងក្នុងពិធីជួបជុំសាស្ត្រាចារ្យ អាណាព្យាបាល និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ យល់ឃើញថា ដើម្បីហាត់ពត់នូវផ្នត់គំនិតរបស់មនុស្ស រឺក៏ដុសខាត់នូវការគិតគូររបស់មនុស្ស គឺត្រូវផ្តើមចេញពីសាលារៀនហើយសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី តែងតែបានមានប្រសាសន៍ថា នេះជាពេលវេលាដែលយើងត្រូវរៀបចំផ្ទះសម្បែងរបស់យើងឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ ហើយការងារនេះត្រូវផ្តើមចេញពីការងារតូចៗទៅ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីសាកល្បងរួមគ្នាគិត និងឯកភាពគ្នា ដើម្បីអាចធ្វើការជាមួយគ្នាបាន និងរួមគ្នាផលិតឱ្យបាននូវគំនិតថ្មីៗជាឧត្តមប្រយោជន៍សម្រាប់សង្គមជាតិ ព្រមទាំងបានណែនាំនិងជំរុញឱ្យយុវជន ស.ស.យ.ក ចូលរួមផ្ដល់គំនិតមតិយោបល់ ដើម្បីបង្ហាញថា ស.ស.យ.ក ពិតជាបានចូលរួមក្នុងការដោះស្រាយលើវិស័យអប់រំពិតប្រាកដមែន ដែលនេះហើយគឺជាបេសកកម្មដ៏ធំបំផុតរបស់ ស.ស.យ.ក គឺការចូលរួមកសាង ឬរៀបចំវិស័យអប់រំឱ្យបានត្រឹមត្រូវ និងទាន់សភាពការណ៍ ដោយសារនៅពេលខាងមុខយើងទាំងអស់គ្នាមិនអាចដឹងមុនបានថានឹងមានអ្វីកើតឡើងនោះទេ ដូច្នេះយើងត្រូវរៀបចំថ្នាលបណ្ដុះបណ្ដាលមនុស្សឱ្យមានសមត្ថភាពពិតប្រាកដ ឱ្យមានភាពឆ្លាតវាងវៃ និងពោរពេញទៅដោយបំណិនជីវិត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ការរៀបចំពិធីជួបជុំនៅបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាពេលនេះ ព្រោះសាកលវិទ្យាល័យនេះមានទាំងបច្ចេកទេសអនុវត្តផ្ទាល់ និងទ្រឹស្ដីជាមួយគ្នា ដែលឯកឧត្តមយល់ឃើញថានេះគឺជានិមិត្តរូបនៃការចង់រស់រានឡើងវិញរបស់ប្រជាជាតិខ្មែរ ។ ឯកឧត្តម បានលើកឡើងថា តាំងពីក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩មក សម្ដេចតេជោ ហ៊ុន សែន ដែលដៃម្ខាងទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍វិលមកវិញ និងដៃម្ខាងទៀតខិតខំប្រឹងប្រែងស្តារប្រទេសជាតិឡើងវិញ ក្នុងនោះវិស័យដែលត្រូវបានស្ដារមុនគេគឺវិស័យអប់រំដោយចាប់ផ្តើមបើកដំណើរការសាលារៀនឡើងវិញ។

បច្ចប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននឹងកំពុងតែបើកទំព័រថ្មីសម្រាប់កម្ពុជា ធ្វើឱ្យកម្ពុជាប្រែមុខមាត់ថ្មីដោយផ្ដោតសំខាន់លើគុណភាពធនធានមនុស្ស ។ ស្របទៅនឹងគោលដៅនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា។
ក្នុងនោះក្រសួងបានជ្រើសរើសសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាមជ្ឈមណ្ឌលប្រមូលផ្តុំចំណេះដឹងជាសាកលវិទ្យាល័យគម្រូ ក្នុងការចាប់ផ្តើមរៀបចំកែលម្អលំហសាធារណៈ មុននឹងឈានទៅរៀបចំនៅតាមបណ្តាសាកលវិទ្យាល័យឬវិទ្យាស្ថានអប់រំដទៃទៀត ដើម្បីចូលរួមកសាងរៀបចំឱ្យបានត្រឹមត្រូវនូវថ្នាលបណ្តុះបណ្តាលមួយដ៍វាងវៃ ឆា្លតវៃ និងពោរពេញដោយភាពដុះលូតលាស់ ប្រកបដោយគុណភាព ។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញគឺជាថ្នាលបណ្ដុះបណ្ដាលដ៏ធំមួយ ជាកន្លែងដែលយើងត្រូវឆ្លាក់ដួងព្រលឹងជាតិ ពីព្រោះទីនេះជាកន្លែងដែលផលិតបាននូវធនធានមនុស្សពោរពេញដោយសមត្ថភាពបានយ៉ាងច្រើនសំរាប់អភិវឌ្ឍប្រទេសជាតិ ។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានផ្តល់មតិយោបល់មួយចំនួនដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញដើម្បីផ្លាស់ប្តូរផ្នត់គំនិតថ្មី ក្នុងនោះជំហានទី១ ត្រូវពត់ផ្នត់គំនិតមនុស្សតាមរបត់មួយ មើលថែទាំមែកឈើដែលដុះមកត្រូវកាត់តម្រឹមអោយមានសោភណ្ឌភាព និងដាំដើមឈើបន្ថែម ទី២ ត្រូវរៀបចំទីតាំងចតម៉ូតូ និងរថយន្ត អោយបានត្រឹមត្រូវ និងមានរបៀបរៀបរយ រៀបចំផ្លូវដើរជុំវិញសាកលវិទ្យាល័យ និងផ្លូវចេញចូលឱ្យបានត្រឹមត្រូវ ដើម្បីបង្ការកុំឱ្យមានហានិភ័យសំរាប់និស្សិត នោះសាកលវិទ្យាល័យនឹងមានការប្រែមុខមាត់ថ្មី ហើយការសិក្សារបស់និស្សិតក៏នឹងមានការរីកចំរើនថែមមួយកម្រិតទៀតផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner