អាមេរិកចោទចិនត្រៀមប្រើកម្លាំងយោធានៅអាស៊ី
សិង្ហបុរី ៖ ប្រទេសចិនកំពុងត្រៀមខ្លួនប្រើប្រាស់កម្លាំងយោធា ដើម្បីបង្កើនតុល្យភាពនៃអំណាចនៅក្នុងតំបន់អាស៊ី និងឥណ្ឌូប៉ាស៊ីហ្វិក នេះបើតាមការព្រមានរបស់ប្រមុខការពារជាតិអាមេរិកកាលពីថ្ងៃសៅរ៍។
ភ្លាមៗ ស្ថានទូតចិនប្រចាំប្រទេសសិង្ហបុរីបានរិះគន់ការព្រមានបែបនេះរបស់អាមេរិក ហើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា កំពុងព្យាយាមបង្កើនភាពតានតឹងនៅក្នុងតំបន់ ដើម្បីទាញយកផលចំណេញពីការបង្កើតហានិភ័យនៃសង្គ្រាម។
ទោះបីជាយ៉ាងណា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយនៅឯកិច្ចសន្ទនា Shangri-La ដែលមានការចូលរួមដោយមន្ត្រីការពារជាតិមកពីជុំវិញពិភពលោកថា ការគំរាមកំហែងដែលចិនបង្កឡើង គឺជារឿងពិតប្រាកដ ហើយវាអាចនឹងកើតឡើងឆាប់ៗនេះ។
លោក Hegseth បានចោទប្រកាន់ចិនចំៗថា កំពកំពុងតែកសាងសមត្ថភាពយោធា ដើម្បីត្រៀមឈ្លានពានកោះតៃវ៉ាន់ ប៉ុន្តែអាមេរិកក៏កំពុងតម្រង់ទិសឆ្ពោះទៅរកការទប់ស្កាត់ការឈ្លានពានរបស់ចិនផងដែរ ដោយអំពាវនាវឱ្យសម្ព័ន្ធមិត្ត និងដៃគូរបស់អាមេរិកនៅអាស៊ី ពង្រឹងវិស័យការពារជាតិ ដើម្បីប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង។
ការព្រមានរបស់លោក Hegseth កើតឡើងស្របពេលដែលរដ្ឋបាលលោក Donald Trump ចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មជាមួយចិន តាំងពីចូលកាន់តំណែងក្នុងខែមករា ដោយបានព្យាយាមទប់ស្កាត់ការនាំចេញបច្ចេកវិទ្យា AI សំខាន់ៗទៅចិន និងពង្រឹងទំនាក់ទំនងសន្តិសុខយ៉ាងស៊ីជម្រៅជាមួយសម្ព័ន្ធមិត្ត ដូចជាហ្វីលីពីន ដែលកំពុងតែមានជម្លោះដែនទឹកកាន់តែខ្លាំងជាមួយចិន៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
