លោក ម៉ាក្រុង ថ្កោលទោសអំពើហិង្សាកើតចេញពីការអបអរក្លឹប PSG ឈ្នះពាន Champions League លើកដំបូង

ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានថ្កោលទោសអំពើហិង្សា កាលពីថ្ងៃអាទិត្យ ដែលកើតចេញពីការអបអរសាទរក្លឹបបាល់ទាត់ PSG ឈ្នះពានរង្វាន់ Champions League ជាលើកដំបូង ហើយចាត់ទុកវាថា ជា “រឿងមិនអាចទទួលយកបាន”។

លោកប្រធានាធិបតី Macron បាននិយាយយ៉ាងដូច្នេះថា ការប៉ះទង្គិចគ្នាដោយហិង្សា គឺរឿងមិនអាចទទួលយកបាន ហើយយើងនឹងតាមប្រមាញ់ ព្រមទាំងដាក់ទណ្ឌកម្មក្រុមមិនចេះអត់ធ្មត់ទាំងនោះ។

ការអបអរដ៏ពុះកញ្រ្ចោល បានផ្ទុះឡើងនៅទូទាំងរដ្ឋធានីរបស់ប្រទេសបារាំង និងនៅក្រៅប្រទេស កាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីក្រុមបារាំង PSG បានបំបាក់គូប្រជែងអ៊ីតាលី Inter Milan និងឈ្នះពាន Champions League ជាលើកដំបូង ខណៈក្រោយមកក៏មានការប៉ះទង្គិចជាមួយសមត្ថកិច្ច។

បើតាមក្រសួងមហាផ្ទៃបារាំង មានអគ្គិភ័យរាប់រយករណី ក្នុងនោះមានឡានជាង ២០០គ្រឿងបានឆាបឆេះ ហើយសមាជិកកងកម្លាំងសន្តិសុខ ២២នាក់ និងអ្នកពន្លត់អគ្គិភ័យ ៧នាក់បានរងរបួស។ ក្រសួងបានឱ្យដឹងទៀតថា មនុស្ស ២នាក់បានស្លាប់ និងជាង ១៩០នាក់រងរបួស ហើយជិត ៦០០នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសបារាំង៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner