សង្គ្រាមបង្ខំឲ្យស៊ូដង់៤លាននាក់ ចេញពីប្រទេស
បរទេស ៖ អង្គការសហប្រជាជាតិបានឲ្យដឹងថា មនុស្ស៤លាននាក់ បានភៀសខ្លួន ចេញពីប្រទេសស៊ូដង់ ចាប់តាំងពីសង្គ្រាមចាប់ផ្តើម កាលពីឆ្នាំ២០២៣។
អ្នកស្រី Eujin Byun អ្នកនាំពាក្យ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនហៅកាត់ UNHCR បាននិយាយបែបនេះ អំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារ។
អ្នកស្រីអះអាងថា «ជាវិបត្តិផ្លាស់ទីលំនៅដ៏អាក្រក់បំផុត របស់ពិភពលោក នៅពេលនេះ»។ អ្នកស្រីបន្តថា «ប្រសិនបើជម្លោះនៅតែបន្ត មនុស្សរាប់ពាន់នាក់ទៀត នឹងបន្តភៀសខ្លួន ដោយធ្វើឱ្យស្ថិរភាពក្នុងតំបន់ និងពិភពលោកជាប់ពាក់ព័ន្ធ»។
ជាមួយគ្នានេះ លោក Dossou Patrice Ahouansou អ្នកសម្របសម្រួលស្ថានការណ៍សំខាន់របស់ UNHCR នៅប្រទេសឆាដ ជាប្រទេសទទួលជនភៀសខ្លួន ពីស៊ូដង់ បានលើកឡើងដែរថា ភាគខាងកើតរបស់ប្រទេសនេះ កំពុងរងសម្ពាធ មិនស្ថិតស្ថេរ លើសមត្ថភាពឆ្លើយតប របស់ប្រទេសឆាដ។ លោកបាននិយាយ អំពីការហូរចូលឆ្លងកាត់ព្រំដែន ចាប់តាំងពីចុងខែមេសា បន្ទាប់ពីការវាយប្រហារដោយហឹង្សា នៅក្នុងតំបន់ North Darfur របស់ស៊ូដង់ រួមទាំង ការវាយលុក លើជំរុំភៀសខ្លួន។
តួលេខរបស់ UNHCR បានបង្ហាញថា មនុស្សចំនួន ៤,០០៣,៣៨៥ នាក់ បានភៀសខ្លួន ចេញពីប្រទេសស៊ូដង់ ក្នុងនាមជាជនភៀសខ្លួន អ្នកស្វែងរកសិទ្ធិជ្រកកោន គិតត្រឹមថ្ងៃច័ន្ទ។ ក្នុងចំណោមនោះ ១.៥លាននាក់ បានភៀសខ្លួន ទៅអេហ្ស៊ីប។ ច្រើនជាង ១.១លាននាក់ ទៅកាន់ប្រទេសស៊ូដង់ខាងត្បូង និង ច្រើនជាង ៨៥ម៉ឺននាក់ ចេញទៅប្រទេសឆាដ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
