កាណាដាប្តេជ្ញាជំរុញកំណើនសេដ្ឋកិច្ច ទបទល់សង្គ្រាមពន្ធលោក Trump
អូតាវ៉ា ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney និយាយថា រដ្ឋាភិបាលរបស់លោកនឹងចាប់ផ្តើមជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកាណាដា ចំពេលប្រឈមមុខនឹងសង្គ្រាមពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump
លោក Carney បានគូសបញ្ជាក់អំពីផែនការរបស់គាត់កាលពីថ្ងៃចន្ទ បន្ទាប់ពីកិច្ចប្រជុំមួយដែលត្រូវបានពិពណ៌នាថា “មានផលិតភាពខ្លាំង” ជាមួយមេដឹកនាំខេត្ត និងដែនដីរបស់ប្រទេសកាណាដា។
លោក Carney និយាយថា ផែនការរបស់គាត់គឺ
មានគោលដៅកសាងហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស ដែលនឹងធ្វើឱ្យកាណាដាមាន “សេដ្ឋកិច្ចខ្លាំងបំផុតនៅក្នុងចំណោមប្រទេស G7” ក៏ដូចជាពង្រឹងស្វ័យភាព និងភាពធន់របស់កាណាដានាពេលអនាគត។
លោក Carney បន្ថែមថា រដ្ឋាភិបាលរបស់លោកនឹងផ្តោតលើគម្រោងជំរុញផលប្រយោជន៍ជាតិ ដើម្បីជួយកាណាដាលក់ធនធានរបស់ខ្លួននៅក្នុងទីផ្សារកាន់តែច្រើន ពង្រឹងសន្តិសុខ និងកាត់បន្ថយការពឹងផ្អែកលើប្រទេសដទៃទៀត។
លោក Carney បានធ្វើយុទ្ធនាការយ៉ាងខ្លាំងលើការជំរុញកំណើនសេដ្ឋកិច្ចកាណាដា ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីសង្គ្រាមពន្ធរបស់លោកប្រធានាធិបតី ត្រាំ ដែលកាណាដាធ្វើពាណិជ្ជកម្មភាគច្រើនជាមួយ៕


ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា