សម្ដេចតេជោ ហ៊ុន សែន សម្រេចបរិច្ចាគដីតម្លៃជាង១០លានដុល្លារ ដើម្បីសង់អន្តេវាសិកដ្ឋានជូននិស្សិតស្រ្តី
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានប្រកាសថា សម្ដេចបានសម្រេចយកដី ២ហិកតាដែលទិញតម្លៃជាង១០លានដុល្លារ សម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ននៅជ្រោយចង្វារប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រ្តី។
លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនារសៀលថ្ងៃទី៤ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារយ៉ាងដូច្នេះ
ថា៖ព្រឹកមិញ ខ្ញុំបានដឹកនាំការប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី។ ក្រៅពីការផ្តល់ជាអនុសាសន៍ ខ្ញុំបានសម្រេចក្នុងនាមជាមេគ្រួសារ ដើម្បីកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្តមកបន្តការសិក្សានៅរាជធានីភ្នំពេញ។
បន្ទាប់ពីការពិភាក្សាជាមួយភរិយា និងកូនស្រី ខ្ញុំយកការសម្រេច៖
១.យកដី ២ហិកតា ដែលទិញតម្លៃជាង១០លានដុល្លារ សម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ននៅជ្រោយចង្វារប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្ទេវាសិកដ្ឋាន។
២.ការសាងសង់សម្រាប់និស្សិតស្រ្តីស្នាក់ចំនួន ៥០០នាក់ ដោយក្នុង ១បន្ទប់ស្នាក់នៅ ៤នាក់ (ដោយមានបន្ទប់ទឹក និងចង្រ្កានបាយផងដែរ) ។ដូចនេះយើងត្រូវកសាងចំនួន ១២០បន្ទប់។
យើងត្រូវកសាងប៉ុស្តិ៍សុខភាពនៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជំងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការ
ផងដែរ។
ក្រោយការសាងសង់នឹងប្រគល់ជូនជាសម្បត្តិរដ្ឋគ្រប់គ្រងដោយក្រសួងកិច្ចការនារី។
សម្តេចតេជោបានបញ្ជាក់ថា”ខ្ញុំសង្ឃឹមថាអន្ទេវាសិកដ្ឋាននេះនឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិយោគកសាងសមត្ថភាពរបស់ស្រ្តី និងការចូលរួមរបស់ស្រ្តីក្នុងការកសាងប្រទេសជាតិ”៕





ដោយ៖វណ្ណលុក