សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ស្នើទៅកាន់នាយករដ្ឋមន្រ្ដី ឱ្យបង្កើនកូតានៃអភិបាលរង រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ
(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ដឹកនាំដោយលោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្តែងការគួសម និងទទួលអនុសាសន៍ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ស្នើទៅកាន់នាយករដ្ឋមន្រ្ដី ឱ្យបង្កើនកូតា នៃអភិបាលរង រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ យ៉ាងតិច ២រូបសម្រាប់ស្រ្ដី ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងថា ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ស្នើទៅកាន់នាយករដ្ឋមន្រ្ដីឱ្យកំណត់នូវកូតានៃអភិបាលរង ក្រុង ស្រុក ខណ្ឌ ក៏ដូចជាអភិបាលរង រាជធានី-ខេត្ត ដោយកំណត់នូវកូតាចំនួនយ៉ាងតិចបំផុតពីររូបសម្រាប់ស្រ្ដី ខណៈកាលពីមុនកូតាជាអភិបាលរងនេះ មានត្រឹមតែមួយរូបប៉ុណ្ណោះ ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ប្រជុំពិភាក្សា ដើម្បីស្នើសុំយោបល់បន្ថែមពីនាយករដ្ឋមន្រ្ដី ជាពិសេស គឺរដ្ឋមន្រ្ដីមុខងារសាធារណៈ ចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការ ដោយសម្ដេច បានណែរនាំថា គួរតែមានការកំណត់កូតាផ្ដល់អាទិភាពដល់ការជ្រើសរើសស្រ្ដី ក្នុងចំណោម ១០០ភាគរយ គួរតែផ្ដល់កូតាដល់ស្រ្ដីយ៉ាងតិចបំផុត ៥០ភាគរយ ក្នុងគោលដៅ ដើម្បីឱ្យស្រ្ដីបានចូលរួមចំណែកក្នុងការងាររាជរដ្ឋាភិបាលឱ្យបានកាន់តែច្រើន ។
សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ពង្រឹង-ពង្រីកនូវអនុត្តរភាពរបស់ស្រ្ដី ពោល គឺការធ្វើឱ្យស្រ្ដីមានភាពខ្លាំង មានអំណាចនៅគ្រប់វិស័យ ។ ប៉ុន្ដែសម្ដេចតេជោ បានសង្កត់ធ្ងន់ដោយឱ្យចាប់ផ្ដើមពីការធ្វើអនុត្តរភាពស្រ្ដីនៅក្នុងវិស័យសេដ្ឋកិច្ច មានន័យថា ឱ្យស្រ្ដីកាន់តែខ្លាំងឡើងនៅក្នុងវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជា ការក្ដោបសេដ្ឋកិច្ចនៅក្នុងគ្រួសាររបស់គាត់ ដើម្បីឈានទៅដល់ការលើកកម្ពស់ និងធ្វើឱ្យស្រ្ដីកាន់តែមានឥទ្ធិពលបន្ថែមទៀត ។
បើតាមអ្នកនាំពាក្យព្រឹទ្ធសភា តាមការវាយតម្លៃរបស់សម្ដេចតេជោ ហ៊ុន សែន យ៉ាងយូរបំផុត ២០-៣០ ឆ្នាំទៀត ឥទ្ធិពល និងអនុត្តរភាពរបស់ស្រ្ដី នៅក្នុងប្រទេសកម្ពុជា នឹងកាន់តែខ្លាំងឡើងចំពោះការចូលរួមចំណែករបស់ស្រ្ដីនៅក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ និងគ្រួសារ គឺមិនតិចជាងបុរសនោះទេ ៕





អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ