លោក គីម ជុងអ៊ុន ប្តេជ្ញាគាំទ្ររុស្ស៊ី ធ្វើសង្គ្រាមនៅអ៊ុយក្រែន

បរទេស ៖ លោម គីម ជុងអ៊ុន មេដឹកនាំរបស់កូរ៉េខាងជើង បានប្តេជ្ញាគាំទ្រ ដោយគ្មានលក្ខខណ្ឌ សម្រាប់ការធ្វើសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន នេះបើតាម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍នេះ។

លោក គីម ជុងអ៊ុន បានប្តេជ្ញាបែបនេះ ក្នុងពេលទទួលជួបមន្ត្រីសន្តិសុខកំពូលរុស្ស៊ី លោក Sergei Shoigu កាលពីថ្ងៃពុធ ដែលទៅបំពេញទស្សនកិច្ច នៅព្យុងយ៉ាង។

លោក គីម ជុងអ៊ុន បាននិយាយថា លោករំពឹងថា ទីក្រុងម៉ូស្គូ នឹងទទួលបានជ័យជំនះ ក្នុងបុព្វហេតុដ៏ពិសិដ្ឋ នៃយុត្តិធម៌។ លោកថា «នឹងគាំទ្រដោយឥតលក្ខខណ្ឌ ចំពោះជំហររបស់រុស្ស៊ី និងគោលនយោបាយការបរទេសរបស់ខ្លួន នៅក្នុងបញ្ហានយោបាយអន្តរជាតិសំខាន់ៗទាំងអស់ រួមទាំង បញ្ហាអ៊ុយក្រែន ហើយប្រទេសទាំងពីរ បន្តពង្រីកទំនាក់ទំនង យ៉ាងស្វាហាប់»។

កូរ៉េខាងជើង កាលពីខែមេសា បានបញ្ជាក់ ជាលើកដំបូងថា ខ្លួនបានដាក់ពង្រាយកងទ័ព ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រដល់សង្គ្រាមរបស់ទីក្រុងមូស្គូ ក្នុងប្រទេសអ៊ុយក្រែន ហើយបានទទួលស្គាល់ថា កងទ័ពរបស់ខ្លួន ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធ។

កូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងថា បានបញ្ជូនសព្វាវុធ យ៉ាងច្រើនសន្ធឹកសន្ធាប់ រួមទាំង កាំជ្រួចផងដែរ ដើម្បីជួយដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាម របស់រុស្ស៊ី។

គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ច ជាលើកទីពីរ របស់លោក Shoigu នៅប្រទេសកូរ៉េខាងជើង ក្នុងរយៈពេល តិចជាងបីខែ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner