លោក Trump ចោទអ៊ីរ៉ង់ថា បន្លាយពេល

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃពុធថា បន្លាយពេល លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បន្ទាប់ពីមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា សំណើចុងក្រោយ ពីទីក្រុងវ៉ាស៊ីនតោន គឺប្រឆាំងនឹងផលប្រយោជន៍ជាតិ។

សត្រូវដ៏យូរអង្វែងនឹងគ្នាទាំងពីរ បានធ្វើការចរចា ចំនួន៥ជុំ ចាប់តាំងពីខែមេសា ចង់បានកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីជំនួសកិច្ចព្រមព្រៀងជាមួយមហាអំណាច ដែលលោក Trump បានបោះបង់ចោល ក្នុងអំឡុងពេលអាណត្តិដំបូង របស់លោក ក្នុងឆ្នាំ២០១៨ ប៉ុន្តែ ភាពខុសគ្នាយ៉ាងខ្លាំង នៅតែមាន។

មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Khamenei បាននិយាយ នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ថា «សំណើដែលបង្ហាញដោយអាមេរិក ច្បាស់ណាស់ ១០០ភាគរយ ប្រឆាំងនឹងគំនិតនៃឯករាជ្យភាព និងការពឹងផ្អែក លើខ្លួនឯង។ លោកបញ្ជាក់ថា «ឯករាជ្យមានន័យថា មិនរង់ចាំភ្លើងខៀវពីអាមេរិក និងធ្វើដូចអាមេរិកទេ»

នៅក្នុងការបង្ហោះ នៅលើ Truth Social កាលពីថ្ងៃពុធ លោក Trump បាននិយាយថា លោកបាននិយាយជាមួយប្រធានាធិបតីរុស្ស៊ី លោក Putin ហើយ លោក Putin បានស្នើថា ចង់ចូលរួមក្នុងការពិភាក្សា ជាមួយអ៊ីរ៉ង់ដែរ។ លោកបន្តថា «ជាគំនិតរបស់ខ្ញុំ អ៊ីរ៉ង់ កំពុងដើរយឺត លើការសម្រេចចិត្តរបស់ពួកគេ ជុំវិញបញ្ហាដ៏សំខាន់នេះ ហើយយើងនឹងត្រូវការចម្លើយច្បាស់លាស់ ក្នុងរយៈពេលដ៏ខ្លីបំផុត» នេះជាអ្វីដែល Trump បញ្ជាក់បន្ថែម។

លោកតែងតែទទូចថា ទីក្រុងតេអេរ៉ង់ មិនអាចបន្តបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម នោះឡើយ ពោលគឺក្រោយពេលស្ថាប័នអន្តរជាតិរកឃើញថា អ៊ីរ៉ង់ជិតគ្រប់ការចម្រាញ់ ផលិតគ្រាប់បែកបរិមាណូ ដ៏ប្រល័យហើយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner