ខេត្តកែបប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ជាមួយ សារសូមចូលរួមសំអាតឆ្នេរ
កែប៖ជាខេត្តតំបន់ឆ្នេរតារារះនៃទិសនិរតីផង ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥មិថុនា បានរៀបចំឡើងនៅឆ្នេរអង្កោល ខេត្តកែបក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។
មន្រ្តីរាជការ សិស្សានុសិស្ស មហាជនយ៉ាងច្រើនកុះករបានមក ចូលរួមក្នុងទិវានេះ។លោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្ត កែបបានទាញអារម្មណ៍អ្នកចូលរួមថា ចាប់តាំងពីមានផ្លូវ ស្អាតតភ្ជាប់មក នេះជាលើកទី៣ហើយដែលមន្ទីរបរិស្ថានបានប្រារព្ធកម្មវិធីធំៗនៅលើទឹកដីឆ្នេរអង្កោល។ការប្រារព្ធនៅទីនេះ ក្នុងគោលបំណងដើម្បីចូលរួមសំអាតឆ្នេរដ៏ស្រស់ស្អាត និងមាន សក្តានុពលនេះឱ្យកាន់តែប្រសើរឡើង បង្កើនការទាក់ទាញ ភ្ញៀវទេសចរជាតិ អន្តរជាតិមកសម្រាកលំហែកម្សាន្តឱ្យកាន់តែច្រើនឡើងថែមទៀត។មានភ្ញៀវមកកាន់តែច្រើនជីវភាព ប្រជាជននៅក្នុងតំបន់នឹងកាន់តែលើកកម្ពស់តាមរយៈ
មុខរបរបម្រើសេវាទេសចរ។
ចំណែកឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប លើកឡើងថា ទិវាបរិស្ថានគឺជាសារមួយរំលឹកដល់បងប្អូនអាជីវករ ប្រជាពលរដ្ឋក្នុងតំបន់ឆ្នេរអង្កោលចូលរួមធ្វើអនាម័យ ចូលរួមទុក ដាក់សំរាមឱ្យបានល្អដើម្បីភាពថ្លៃថ្នូរ និងសោភណភាពឆ្នេររបស់ យើង.
ជាការកត់សម្គាល់បច្ចុប្បន្នឆ្នេរអង្កោល ត្រូវបានក្រាលគ្រប ដោយស្មៅសមុទ្រ ធ្វើឱ្យបរិស្ថានឆ្នេរហាក់មិនអំណោយផលល្អសម្រាប់ភ្ញៀវចុះមុជលេងកម្សាន្ត តែយ៉ាងណាឯកឧត្តម សំណូមពរ ដល់អាជីវករជួយសំអាតទៅតាមលទ្ធភាព ទោះមិនឈ្នះកម្លាំងធម្មជាតិយ៉ាងហោចណាស់ក៏ជួយ បរិស្ថានឆ្នេរ បានមួយកម្រិតដែរ។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំអំឡុងពេលរដូវធ្លាក់ភ្លៀង តាមបណ្តោយឆ្នេរអង្កោលតែងទទួលសំណល់នានាបក់តាមទឹករលកមកទើរត្រឹមឆ្នេរ។ បន្ថែមពីនេះទឹកសមុទ្របាននាំយក ទាំងពពួកស្មៅសមុទ្រមកជាមួយ ដែលធ្វើឱ្យស្ថានភាពឆ្នេរមិនសូវអំណោយផលល្អសម្រាប់ការចុះងូតទឹកលេងទេ តែស្ថានភាពនេះនឹងប្រែទៅជាល្អប្រសើរវិញ ក្រោយរដូវធ្លាក់ភ្លៀងបានបញ្ចប់៕
ដោយ៖ សិលា សារិន
