ឥណ្ឌានឹងបញ្ជូនពីឡុតទៅកាន់ទីអវកាសជាប្រវត្តិសាស្រ្តក្នុងបេសកកម្ម Axiom-4
ញូវដែលី ៖ បេសកកម្ម Axiom Mission 4 ហៅកាត់ (Ax-4) ដែលត្រូវហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA ស្ថិតនៅរដ្ឋ Florida សហរដ្ឋអាមេរិកនាសប្តាហ៍ក្រោយនោះ នឹងនាំយកពីឡុតឥណ្ឌាមួយរូបហោះហើរទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)។
កាពីទែនក្រុមលោក Shubhanshu Shukla មកពីកងទ័ពអាកាសឥណ្ឌា ស្ថិតនៅក្នុងចំណោមសមាជិកអវកាសយានិកចម្រុះជាតិសាសន៍ ៤នាក់ ក្នុងបេសកកម្ម Ax-4 ដែលនឹងត្រូវចំណាយពេល ២សប្តាហ៍នៅស្ថានីយអវកាសអន្តរជាតិ (ISS)។
ការហោះហើរដែលកំណត់ធ្វើឡើងនៅវេលាម៉ោង ៨ និង ២២នាទីយប់ (ម៉ោងក្នុងតំបន់) ថ្ងៃអង្គារ៍ទី១០ ខែមិថុនា នឹងក្លាយជាព្រឹត្តិការណ៍ផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅប្រទេសឥណ្ឌា ពេលដែលកាពីទែនក្រុមលោក Shukla ក្លាយជាជនជាតិឥណ្ឌាទី២ ដែលធ្វើដំណើរទៅកាន់ទីអវកាស និងជាជនជាតិឥណ្ឌាដំបូងបង្អស់ធ្វើដំណើរទៅកាន់ស្ថានីយ ISS។
ការធ្វើដំណើរនេះកើតមានឡើងក្នុងរយៈពេល ៤១ឆ្នាំ បន្ទាប់ពីអវកាសយានិក Rakesh Sharma បានក្លាយជាជនជាតិឥណ្ឌាដំបូងគេធ្វើដំណើរទៅកាន់ទីអវកាស តាមរយៈយានអវកាស Soyuz របស់រុស្ស៊ី កាលពីឆ្នាំ១៩៨៤។ កាលនោះ លោកចំណាយពេលជិត ៨ថ្ងៃនៅទីអវកាស។
បេសកកម្ម Ax-4 ត្រូវបានដឹកនាំដោយអតីតអវកាសយានិករបស់អង្គការណាសា គឺ Peggy Whitson ជាអតីតយុទ្ធជនផ្នែកអវកាស ដែលធ្លាប់ជាមេបញ្ជាការនៅស្ថានីយ ISS ពីរដង ដែលបានចំណាយពេលរាប់រយថ្ងៃនៅក្នុងលំហ និងការធ្វើដំណើរនៅក្នុងលំហអាកាសចំនួន ១០ដង៕
ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា
