អ្នកនាំពាក្យ ៖ កម្ពុជា ប្រកាសទាត់ចោលការចោទប្រកាន់ផ្ទុយពីការពិតថា កងទ័ពព្រំដែនកម្ពុជា បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ថៃ
(ភ្នំពេញ)៖ ឆ្លើយតបនឹងសំណួររបស់អ្នកកាសែត ពាក់ព័ន្ធនឹងករណីបាតុកម្មនៅមុខស្ថានទូតព្រះរាជា ណាចក្រកម្ពុជានៅទីក្រុងបាងកក នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា
កម្ពុជា សូមប្រកាសទាត់ចោលនូវការចោទប្រកាន់ផ្ទុយពីការពិត ថា កងទ័ពព្រំដែនកម្ពុជា បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ ។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ហេតុការណ៍ពិតប្រាកដ គឺនៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៥ និង ៣០នាទីព្រឹក មានករណីផ្ទុះអាវុធមួយបានកើតឡើង នៅពេលដែលកងកម្លាំងយោធាថៃ បានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់ ត្រូវបានទទួលស្គាល់ថា ជាប៉ុស្តិ៍យោធាកម្ពុជា ជាយូរមកហើយ។ ការផ្ទុះអាវុធនេះ បានបណ្តាល ឱ្យទាហានខ្មែរម្នាក់បាត់បង់ជីវិត ។
ឯកឧត្តម ជុំ សុន្ទរី បានសង្កត់ធ្ងន់ថា ការវាយប្រហារនេះបានបំពានទៅលើ អធិបតេយ្យភាពរបស់កម្ពុជា ហើយនិង MOU ដែលបានចុះហត្ថលេខា រវាងរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងខែមិថុនាឆ្នាំ២០០០ ដែលមានគោលដៅថែរក្សាសន្តិភាព និងស្ថេរភាពនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ពិសេស តំបន់មានទំនាស់ ។
អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានអះអាងថា កម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ច នូវការគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាង និងការប្តេជ្ញាចិត្តក្នុងការប្រែក្លាយព្រំដែនរួម ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ កម្ពុជា មានការប្តេជ្ញាចិត្តដ៏មោះមុត ដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី ៕
ដោយ ៖ សួង ពិសិដ្ឋ