ឥណ្ឌូណេស៊ីពិចារណាទិញយន្តហោះចម្បាំង J-10 របស់ប្រទេសចិន
ហ្សាការតា ៖ ឥណ្ឌូណេស៊ីកំពុងថ្លឹងថ្លែងលើការបញ្ជាទិញយន្តហោះចម្បាំង J-10 របស់ប្រទេសចិន ពីព្រោះវាមានតម្លៃថោក និងសមត្ថភាពកម្រិតខ្ពស់ ហើយក៏កំពុងពិចារណាបញ្ចប់ការទិញយន្តហោះ F-15EX ដែលផលិតដោយសហរដ្ឋអាមេរិកផងដែរ នេះបើតាមប្រភពពីមន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃពុធ។
ផែនការរបស់ឥណ្ឌូណេស៊ីនេះ កើតឡើងបន្ទាប់ពីយន្តហោះចម្បាំងចិន J-10 បានបង្ហាញពីឥទ្ធិពលរបស់ខ្លួន ក្នុងអំឡុងជម្លោះរវាងប៉ាគីស្ថាន និងឥណ្ឌា នាពេលថ្មីៗនេះ ដោយវាបានបាញ់ទម្លាក់យន្តហោះចម្បាំងបារាំង Rafale មានតម្លៃរាប់រយលានដុល្លារអស់ជាច្រើនគ្រឿង។
អនុរដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Donny Ermawan Taufanto បាននិយាយថា ឥណ្ឌូណេស៊ីបានពិភាក្សាជាមួយប្រទេសចិន ហើយពួកគេបានផ្តល់ឱ្យយើងជាច្រើន មិនត្រឹមតែយន្តហោះចម្បាំង J-10 ប៉ុណ្ណោះទេ ប៉ុន្តែក៏មានទាំងកប៉ាល់ អាវុធ និងនាវាចម្បាំងផងដែរ។
ប្រទេសដែលមានប្រជាជនច្រើនបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើទំនើបកម្មផ្នែកយោធាដែលមានវ័យចំណាស់របស់ខ្លួន។
តួយ៉ាង នៅឆ្នាំ២០២២ ឥណ្ឌូណេស៊ីបានទិញយន្តហោះ Rafale របស់បារាំងចំនួន ៤២គ្រឿងដែលមានតម្លៃ ៨.១ពាន់លានដុល្លារ ដែលក្នុងនោះ ៦គ្រឿងនឹងត្រូវចែកចាយនៅឆ្នាំ២០២៦៕

ប្រភព ៖ tribune ប្រែសម្រួល ៖ ឈឹម ទីណា