ប្រមុខការពារជាតិកម្ពុជា-ថៃ ប្តេជ្ញារក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព តាមបណ្តោយព្រំដែន ជាពិសេសតំបន់ដែលកំពុងមានភាពតានតឹង
(ភ្នំពេញ)៖ ប្រមុខដឹកនាំក្រសួងការពារជាតិកម្ពុជា-ថៃ បានឯកភាពគ្នាប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព តាមបណ្តោយព្រំដែន ជាពិសេសតំបន់ដែលកំពុងមានភាពតានតឹង តាមរយៈការរក្សាការប្រាស្រ័យទាក់ទង គ្នាទៅវិញទៅមក ការយោគយល់គ្នា និងការសន្ទនាប្រកបដោយសន្តិវិធី ក្នុងគោលបំណងជៀសវាងការប៉ះ ទង្គិចយោធា ដែលភាគីទាំងសងខាងសុទ្ធតែមិនចង់ឃើញ។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ កម្ពុជា ដែលបានចេញនៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នេះ ។ យោងតាមសេចក្តីជូនដំណឹងឱ្យដឹងថា នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាជាមួយ ឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ អំពីភាព តានតឹងនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ដែលបានប្រព្រឹត្តិទៅនៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ដោយមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖

នៅក្នុងជំនួបនោះ ភាគីថៃក៏បានស្នើសុំឱ្យភាគីកម្ពុជាដកកងទ័ពចេញ ពីទីតាំងឈរជើងនៅតំបន់មុំបី ដែលបានប្រយុទ្ធគ្នាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ភាគីកម្ពុជាបានបដិសេធមិនទទួលការស្នើ សុំនេះទេ ព្រោះទីតាំងខាងលើជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍ តាំងពីដើមរៀងមក។

ភាគីកម្ពុជាមិនអាចថយពីទីតាំង ដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាបានឡើយ។

ភាគីកម្ពុជាក៏បានបញ្ជាក់ផងដែរថា ដរាបណាភាគីថៃនៅតែប្រើប្រាស់ផែនទីខុសគ្នា និងមាត្រដ្ឋានខុសគ្នា នោះយើងនឹងមិនអាចស្វែងរកចំនុចរួម ក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជានៅតែប្រកាន់ ស្មារតី គោរពអនុស្សារណៈ នៃការយោគយល់គ្នាឆ្នាំ២០០០ (MOU 2000) រវាងប្រទេសទាំងពីរ ដូចដែលមានកន្លងមក។
ក្នុងន័យនេះ ភាគីកម្ពុជាបានសម្រេចចិត្តរៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ រួមមាន តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុង ឡាអេ ដើម្បីផ្តល់ភាពច្បាស់លាស់ដល់ព្រំដែននៃប្រទេសទាំងពីរ និងការពារកុំឱ្យបញ្ហាទាំងនេះក្លាយទៅជា ជម្លោះធ្ងន់ធ្ងរទៅថ្ងៃអនាគត តាមរយៈដំណោះស្រាយមួយដែលយុត្តិធម៌ និងមិនលម្អៀង ព្រមទាំងផ្អែកលើ ច្បាប់អន្តរជាតិ។ ការសម្រេចចិត្តនេះបានបង្ហាញយ៉ាងច្បាស់ការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា ក្នុងការដោះស្រាយ ជម្លោះដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីធានាថាព្រំដែនរវាងប្រទេសទាំងពីរនៅតែជាព្រំដែន សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ជាមួយគ្នានេះ ភាគីកម្ពុជាក៏នឹងបន្តប្រើប្រាស់ យន្តការដែលមានស្រាប់ ដូចជា GBC/JBC/RBC ដើម្បីពិភាក្សាលើចំណុចដទៃទៀតនាថ្ងៃខាងមុខ។
ជាការឆ្លើយតប ភាគីថៃក៏បានបង្ហាញពីការគោរពសិទ្ធិរបស់កម្ពុជា ក្នុងការដាក់ចំណុចទាំង៤ខាងលើ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ លើសពីនេះ ភាគីថៃក៏បានបញ្ជាក់ និងច្រានចោលរាល់ព័ត៌មានអុចអាល និងរុញច្រានស្ថានការណ៍ ដែលបានធ្វើឱ្យប៉ះពាល់សតិអារម្មណ៍កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ព្រម ទាំងបញ្ឆេះកំហឹងជាតិសាសន៍ ដូចជាការលើកឡើងពីការបិទច្រកព្រំដែនអន្តរជាតិ ការលុបកិច្ចប្រជុំJBC និង ព័ត៌មានដែលគ្មានប្រភពច្បាស់លាស់៕
ដោយ ៖ ង៉ាន់ ទិត្យ

