ក្រសួងកសិកម្មចេញញត្តិគាំទ្រចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតលើបញ្ហាព្រំដែនជាមួយថៃ
(ភ្នំពេញ)៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញ ញត្តិដោយប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់ និងគោលជំហរដ៏ច្បាស់លាស់របស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហា ព្រំដែនជាមួយប្រទេសថៃ។
ក្នុងញត្តិដែលចេញផ្សាយនៅថ្ងៃទី៧ ខែ មិថុនា ឆ្នាំ ២០២៥ក្រសួងកសិកម្មបានបញ្ជាក់ពីការគាំទ្រជំហរដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ និងនាំយក បញ្ហាតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅ ទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធី ព្រមទាំងប្រើប្រាស់យន្តការ គណៈកម្មការព្រំដែនចម្រុះ (JBC) ដើម្បីជំរុញការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ)។
ក្រសួងបញ្ជាក់ថា ការប្តេជ្ញាចិត្តប្រកបដោយភាពម៉ឺងម៉ាត់ និងគោលជំហរច្បាស់លាស់ ឥតងាករេរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី លើការការពារឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដីគឺជាគំរូវីរភាពដ៏ឧត្តុង្គឧត្តមសម្រាប់បណ្តុះស្មារតីស្នេហាជាតិ និងការថែរក្សាទឹកដីសម្រាប់កូនចៅច្រើនជំនាន់តទៅមុខទៀត។ ចំណាត់ការដ៏ម៉ឺងម៉ាត់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាបាននិងកំពុង ប្រកាន់ជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងមានភាពចាស់ទុំខាងនយោបាយការទូត ដើម្បីរក្សានិង កសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេស ទាំងពីរ៕
ដោយ ៖ ម៉ាដេប៉ូ
