មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម៖ត្រីឆ្នាំនេះសម្បូរ ឯទឹកទន្លេក៏មិនសូវខ្វះដូចឆ្នាំកន្លងមកទេ

(ភ្នំពេញ)៖ ឆ្នាំនេះ ត្រីមានការសម្បូរ ឯទឹកទន្លេក៏មិនសូវខ្វះបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ធ្វើឱ្យអ្នកនេសាទមួយចំនួនតែងតែលួចឆ្មក់ចូល ទៅនេសាទក្នុងកន្លែងអភិរក្សទាំងនេះ នៅពេលដែលយើងមានការធ្វេសប្រហែស ។ នេះជាការលើកឡើងពីសំណាក់ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

បញ្ជាក់ក្នុងពិធីចុះទៅពិនិត្យ និងសួរសុខទុក្ខមន្រ្តីជលផល កងកម្លាំងចម្រុះ នៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ នៅថ្ងៃ ០៩ មិថុនា ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា ថ្លែងដោយបានធ្វើការកោតសរសើរ ចំពោះកិច្ចសហការចុះល្បាត ផ្សព្វផ្សាយ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទយ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម។

ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានលើកឡើងថា”រៀងរាល់ថ្ងៃមន្រ្តីដែលប្រចាំការក្នុងភូមិសាស្រ្តជុំវិញបឹងទន្លេសាប ត្រូវតែសហការជាមួយកម្លាំងចម្រុះឱ្យកាន់តែស្អិតរមួត ចុះល្បាតរួមគ្នាដើម្បីឱ្យបេសកកម្មនេះកាន់តែមានប្រសិទ្ធភាព”។

ឯកឧត្តមបានណែនាំទៅមន្ត្រីជំនាញត្រួតពិនិត្យ និងជួយផ្សព្វផ្សាយឱ្យប្រជានេសាទ ក្នុងអន្តរកាលនៃរដូវបិទនេសាទ នៅក្នុងភូមិសាស្រ្តបឹងទន្លេសាប ពីឧបករណ៍នេសាទឱ្យបានត្រឹមត្រូវ ដើម្បីជួយអភិរក្ស និងអភិវឌ្ឍធនធានជលផលរបស់យើងឱ្យកាន់សម្បូរណ៍ថែមទៀត ធ្វើយ៉ាងណាឱ្យពួកគាត់អនុវត្តទៅតាមគោលការណ៍មួយដែលបានឯកភាពគ្នារវាងរដ្ឋបាលជលផល និងមេបញ្ជាការដែលទទួលបន្ទុកកិច្ចការនេះ។

ជាមួយគ្នានេះ ឯកឧត្តម អនុរដ្ឋលេខាធិការបានលើកឡើងដែរថាកន្លងមកនេះ ការបំពេញកាតព្វកិច្ចរបស់ក្រុមចម្រុះយើងតែងតែទប់ស្កាត់បានល្អ និងទាន់ពេលវេលា។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណក្រុមការងារចំពោះបេសកកម្មប្រកបដោយអត្ថន័យឆន្ទៈជាតិ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ដើម្បីជួយទប់ស្កាត់បទល្មើស និងអភិរក្សធនធានជលផលក្នុងបឹងទន្លេសាប ដែលជាធនធានដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយមន្រ្តីជំនាញនឹងចូលរួមសហការក្នុងប្រតិបត្តិការនេះឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយផ្លែផ្កា៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner