ឯកឧត្ដម ម៉ប់ សារិន ស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញបន្តចាត់វិធានការចំពោះក្មេងទំនើង

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញសូមបន្តចាត់វិធានការចំពោះក្មេងទំនើងដែលបំពាក់បំពង់ស៊ីម៉ាំងធំៗបង្កសំឡេងរំខាន ដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។

ការស្នើសុំបែបនេះរបស់ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ម៉ប់ សារិន បានកោតសរសើរចំពោះ អាជ្ញាធររាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការកសាងអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យមានការអភិវឌ្ឍរីកចម្រើន និងការពារសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អប្រសើរ ធ្វើឲ្យបទល្មើសក្នុងខែឧសភាកន្លងមកនេះមានការថយចុះ ។

អង្គពិធីទាំងមូល ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ICJ ។

ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ លើកឡើងថា ពាក់ព័ន្ធនឹងការបំពងសំឡេងស៊ីម៉ាំងម៉ូតូឡាន រដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តការងារនេះច្រើន ហើយការងារចំពោះមុខ យើងត្រូវបង្កើននូវការផ្សព្វផ្សាយ ដើម្បីឲ្យពួកគាត់យល់ដឹងពីការរំខានដោយសំឡេងស៊ីម៉ាំងម៉ូតូ ឡាន ។

ឯកឧត្ដមឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចបន្តការរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសរថយន្តដឹកធ្ងន់ដែលដាក់វាំងននបិទជិត បង្កហានិភ័យច្រើនដល់គ្រោះថ្នាក់ចរាចរណ៍ ដោយផ្សព្វផ្សាយ អប់រំឱ្យច្រើនជាងការផាកពិន័យ ។

ឯកឧត្ដមអភិបាលរាជធានី បន្តថា ៖ ពាក់ព័ន្ធនឹងសំណល់រឹង សំរាមនៅក្នុងរាជធានីភ្នំពេញ បើទោះបីការដឹកជញ្ជូន ការប្រមូល ទុកដាក់សំរាម មានភាពល្អប្រសើរហើយក្តី ប៉ុន្តែយើងក៏នៅមានបញ្ហាចន្លោះប្រហោងខ្លះ ដែលយើងត្រូវតែបន្តអនុវត្តឲ្យកាន់តែល្អប្រសើរថែមទៀត។ ជាមួយគ្នានោះ ឯកឧត្ដម ឃួង ស្រេង ក៏បានធ្វើការអំពាវនាវ ឲ្យមន្ត្រីរាជការទាំងអស់ សូមលើកទឹកចិត្តដល់កងទ័ពជួរមុខដែលកំពុងតែឈរជើងការពារព្រំដែន តាមរយៈការជួយឧបត្ថមជាថវិកា គ្រឿងឧបភោគបរិភោគ ជូនពួកគាត់ ទោះតិច ឬច្រើនក្តី ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner