ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត និងលោកជំទាវ នាំភាពកក់ក្ដៅនិងថាមពលអង់អាច ពីសម្ដេចធិបតី ទៅគាំទ្រនគរបាលការពារព្រំដែន នៅតំបន់មុំបី

(ខេត្តព្រះវិហារ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខ លើកទឹកចិត្ត និងផ្ដល់ការគាំទ្រស្បៀងអាហារ សម្ភារៈ និងថវិកាដល់នគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងបំពេញតួនាទី និងភារកិច្ច ការពារដែនអធិបតេយ្យភាពជាតិជាមួយកងយោធពលខេមរភូមិន្ទ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត។

ពិធីសំណេះសំណាលបានធ្វើឡើងនៅបរិវេណទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ស្ថិតនៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្បែរតំបន់មុំបី ព្រំដែនកម្ពុជា ថៃ និងឡាវ ដោយក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ បានថ្លែងអំណរគុណ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត និងលោកជំទាវ ដែលតែងតែផ្ដល់ការគាំទ្រ លើកទឹកចិត្ត និងផ្ដល់ភាពកក់ក្ដៅគ្រប់បែបយ៉ាងដល់នគរបាលការពារព្រំដែន។

ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត បាននាំសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ជូនថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ដែលបាននិងកំពុងអនុវត្តនូវបទបញ្ជាសហការការពារ ដែនអធិបតេយ្យភាពជាតិ និងបានថ្លែងចាត់ទុកបេសកកម្មនគរបាលការពារព្រំដែន ជាពិសេសក្នុងកាលៈទេសៈរងការប៉ុនប៉ងឈ្លានពានពីកងទ័ពថៃនាពេលនេះ ជាការបញ្ជាក់នូវស្មារតីប្រកៀកស្មាយ៉ាងរឹងមាំ នៃកងកម្លាំងរបស់ជាតិ ដូចគ្នានឹងស្មារតីរួបរួមគាំទ្ររាជរដ្ឋាភិបាល របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។

ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល និយាយជារួម និងដោយឡែកក្រសួងមហាផ្ទៃ ក្នុងនាមជាសេនាធិការ រួមទាំងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្នងការដ្ឋាននគរបាលគ្រប់រាជធានី ខេត្ត បានសហការគិតគូរប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីគាំទ្រជំនួយស្បៀងអាហារសម្ភារៈដល់នគរបាលការពារព្រំដែន  ជាក់ស្ដែងចុងក្រោយនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត រាជធានីភ្នំពេញ និងនៅថ្ងៃនេះដែរ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏បាននិងកំពុងនាំមកនូវជំនួយគាំទ្រជាច្រើនផងដែរ។

ទោះបីជាអាកាសធាតុនៅតំបន់មុំបី មានភ្លៀងរលឹមឥតដាច់ ទាំងយប់ ទាំងថ្ងៃ និងទាំងក្នុងឱកាសនៃការប្រារព្ធពិធីសំណេះសំណាល ប៉ុន្តែកម្លាំងនគរបាលការពារព្រំដែន ដែលចូលរួមនាឱកាសនោះ បានទទួលនូវថាមពលផ្លូវចិត្តប្រកបដោយភាពកក់ក្ដៅ និងស្មារតីកាន់តែអង់អាចក្លាហាន។

ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ក៏ប្រកាសពីជំនួយគាំទ្រដែលនាំមកជូននាឱកាសនេះ ក្នុងនោះក៏រួមទាំងជំនួយ ពីសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវផងដែរ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner