ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា នាំយក ថវិកា ស្បៀងអាហារ និងសម្ភារប្រើប្រាស់ ចែកជូនកងកម្លាំងប្រដាប់អាវុធ កំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន

(ព្រះវិហារ)៖ គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា និងដៃគូសហការ ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចុះជួបសំណេះសំណាល និងនាំយកថវិកា ស្បៀងអាហារ និងសម្ភារប្រើប្រាស់មួយចំនួន ទៅចែកជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន។

ពិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលតេជោអភិវឌ្ឍ ស្ថិតក្នុងភូមិសាស្រ្ត ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានវត្តមានថ្នាក់ដឹកនាំ ស.ស.យ.ក. តំណាងគ្រឹះស្ថានឧត្តមសិក្សា អង្គការសមាគមយុវជននានា ព្រមទាំងវិស័យឯកជនចូលរួមជាច្រើននាក់។

ឯកឧត្តម ហ៊ុន ម៉ានី ជំនួសមុខឱ្យគណៈប្រតិភូ ជាពិសេស ក្នុងនាមបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមបរិច្ចាគជាថវិកា និងសម្ភារដែលត្រូវបាននាំមកប្រគល់ជូននាពេលនេះ បានធ្វើការថ្លែងអំណរគុណ និងសម្តែងនូវការគោរពជូនចំពោះវីរភាពដ៏អង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង ពលទាហាន ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងឈរជើងការពារទឹកដី និងប្រជាជននៅតាមខ្សែបន្ទាត់ព្រំដែន។ ជាមួយគ្នានោះ ឯកឧត្តមសូមផ្តាំផ្ញើនូវសារលើកទឹកចិត្ត និងពាក្យពេចន៍ជូនពរពីសមរភូមិក្រោយជូនដល់បងៗ។

ឯកឧត្តមបានបន្តថា បើទោះបីជាយើងរស់នៅក្នុងសុខសន្តិភាព និងនឿយណាយជាមួយសង្រ្គាម ដែលយើងទាំងអស់គ្នាធ្លាប់ជួបប្រទះក្នុងអតីតកាល ក៏យើងនៅតែរក្សាបានខឿនការពារជាតិដ៏រឹងមាំ ដែលធានាមិនឱ្យសន្តិភាពបាត់បង់បានឡើយទោះជាក្នុងតម្លៃណាក៏ដោយ។ ក្នុងន័យនេះ ឯកឧត្តមបានគូសបញ្ជាក់ទៅដល់កងកម្លាំងទាំងអស់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានមានចំណាត់ការ និងប្រើប្រាស់យន្តការគ្រប់មុខសញ្ញាដើម្បីដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងដោយធានាឱ្យបានជាដាច់ខាតនូវអធិបតេយ្យ និងបូរណភាពទឹកដីរបស់ជាតិ ប្រកបដោយភាពចាស់ទុំ ទន់ភ្លន់ តែម៉ឺងម៉ាត់។ ដូច្នេះ ឯកឧត្តមសូមអំពាវនាវដល់បងប្អូនទាំងអស់បន្តរក្សាភាពស្ងៀមស្ងាត់ និងប្រុងប្រៀបជានិច្ចចំពោះរាល់សភាពការណ៍នានា ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការការពារទឹកដី ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner