កូរ៉េខាងជើងសង្ងំសង់រោងចក្រនុយក្លេអ៊ែរថ្មី

ព្យុងយ៉ាង ៖ មេធំទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ IAEA បានបង្ហើបឱ្យដឹងថា កូរ៉េខាងជើងកំពុងសង្ខំសាងសង់រោងចក្រនុយក្លេអ៊ែរថ្មីនៅក្នុងទីក្រុង Nyongbyon ភាគពាយ័ព្យប្រទេសរបស់ខ្លួន។

ប្រធានទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ IAEA លោក Rafael Mariano Grossi បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាលកាលពីថ្ងៃចន្ទថា ទីភ្នាក់ងាររបស់លោកកំពុងត្រួតពិនិត្យ និងតាមដានការសាងសង់អគារថ្មីនៅក្នុងទីក្រុង Nyongbyon ដែលមានវិមាត្រ និងលក្ខណៈពិសេសស្រដៀងរោងចក្រនុយក្លេអ៊ែរ Kangson។

បើតាមលោក Rafael មានការចង្អុលបង្ហាញថា ម៉ាស៊ីនរ៉េអាក់ទ័រនៅ Nyongbyon បានបន្តប្រតិបត្តិការប្រកបដោយស្ថិរភាព ដែលនេះសបញ្ជាក់ថា កូរ៉េខាងជើងកំពុងបន្តការអភិវឌ្ឍន៍នុយក្លេអ៊ែរ។ ហើយក៏មិនមានការចង្អុលបង្ហាញអំពីការផ្លាស់ប្តូរសំខាន់ៗនៅ Punggye-ri ដែលជាទីតាំងកូរ៉េខាងជើងតែងសាកល្បងនុយក្លេអ៊ែរ។

ប្រមុខ IAEA រូបនេះ បានសង្កត់ធ្ងន់ទៀតថា ការបន្ត និងការអភិវឌ្ឍន៍បន្ថែមទៀតនៃកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាការរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយក៏ជារឿងគួរឱ្យសោកស្តាយខ្លាំង។

កាសែត Rodong Sinmun របស់កូរ៉េខាងជើងបានរាយការណ៍កាលពីខែមករាថា លោក Kim Jong Un បានទៅទស្សនាមូលដ្ឋានផលិតសម្ភារៈនុយក្លេអ៊ែរ និងវិទ្យាស្ថានអាវុធនុយក្លេអ៊ែរ។ បើតាមកាសែតដដែលនេះ លោក Kim បានលើកឡើងពីផែនការការពារជាតិរយៈពេល ៥ឆ្នាំរបស់កូរ៉េខាងជើង ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំនេះ ដោយលោក Kim បានបង្ហាញពីចេតនាបន្តការអភិវឌ្ឍន៍នុយក្លេអ៊ែរ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner