អ៊ីស្រាអែលបដិសេធរឿងលួចបញ្ជូនប្រព័ន្ធមីស៊ីល Patriot ទៅឱ្យអ៊ុយក្រែន

កៀវ ៖ អ៊ីស្រាអែលបានប្រកាសច្រានចោលការចោទប្រកាន់ថ្មីៗនេះ ដែលថា ប្រទេសខ្លួនបានលួចលាក់បញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ទៅឱ្យអ៊ុយក្រែន។

ការអះអាងបែបនេះរបស់អ៊ីស្រាអែល ធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅទីក្រុងកៀវ លោក Michael Brodsky បានទម្លាយឱ្យដឹងថា អ៊ីស្រាអែលបានលួចផ្ទេរប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ដែលផលិតដោយអាមេរិកដោយសម្ងាត់ទៅឱ្យអ៊ុយក្រែន ខណៈកន្លងមក អ៊ីស្រាអែល​និយាយថា ខ្លួនបញ្ជូនត្រឹមតែជំនួយមនុស្សធម៌ប៉ុណ្ណោះ។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតអ៊ុយក្រែន Marichka Dovbenko លោក Brodsky បាននិយាយដោយគ្មានលាក់បាំងថា ប្រព័ន្ធមីស៊ីល Patriot ដែលយើងធ្លាប់ទទួលបានពីអាមេរិក ឥឡូវនេះគឺស្ថិតនៅក្នុងទឹកដីប្រទេសអ៊ុយក្រែន។ តែមិនបានបង្ហើបឱ្យដឹងថាតើមានចំនួនប៉ុន្មានគ្រឿងទេ។

បើតាមឯកអគ្គរដ្ឋទូតអ៊ីស្រាអែលរូបនេះ ប្រព័ន្ធមីស៊ីលការពារមីស៊ីលទាំងនោះ គឺជាប្រព័ន្ធរបស់អ៊ីស្រាអែលដែលបានដាក់ពង្រាយនៅដើមទសវត្សរ៍ឆ្នាំ១៩៩០។ យើងបានយល់ព្រមផ្ទេរពួកវាទៅឱ្យអ៊ុយក្រែន តែជាអកុសល រឿងនេះមិនត្រូវបានពិភាក្សាទូលំទូលាយទេ។ ប៉ុន្តែនៅពេលដែលមនុស្សនិយាយថា អ៊ីស្រាអែលមិនបានជួយផ្នែកយោធាដល់អ៊ុយក្រែន នោះមិនមែនជាការពិតទេ។

សារព័ត៌មាន Axios បានរាយការណ៍កាលពីខែមករាថា អាមេរិកបានផ្ទេរប្រព័ន្ធមីស៊ីល Patriot ប្រហែល ៩០គ្រឿងពីអ៊ីស្រាអែលទៅប៉ូឡូញដើម្បីចែកចាយទៅអ៊ុយក្រែន។ កន្លងមក រុស្ស៊ីក៏ធ្លាប់បានព្រមានដែរថា បើសិនអ៊ីស្រាអែលផ្ទេរជំនួយយោធាឱ្យអ៊ុយក្រែន នឹងនាំមកនូវផលវិបាកផ្នែកនយោបាយ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner