ក្រសួងសុខាភិបាល ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលំអអាហារូបត្ថម្ភ ឆ្នាំ២០២៥ ដល់ ២០៣០

(ភ្នំពេញ)៖ នាព្រឹកថៃ្ងសុក្រទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលំអអាហារូបត្ថម្ភ ឆ្នាំ២០២៥ ដល់ ២០៣០» “Fast Track Road Map for improving Nutrition 2023-2030” ដើម្បីជំរុញឱ្យមានការអនុវត្តចូលរួមកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទំរង់សម្រាប់ស្រ្តី និងកុមារ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលចថា ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងសហគមន៍ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ត្រូវមានរៀបចំសូចនាករឱ្យបានច្បាស់លាស់ជាអ្នកអនុវត្ត ហើយមន្ទីរសុខាភិបាលរាជធានី-ខេត្ត មន្ទីរពេទ្យគ្រប់លំដាប់ថ្នាក់ ត្រូវសហការជាមួយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ក្នុងការផលិតសារអប់រំសំខាន់ៗ ពីរបបអាហារហូបចុកដែលមានសុខុមាលភាព។ មន្ទីរសុខាភិបាល ត្រូវរៀបចំ ១) ផែនការយុទ្ធសាស្រ្ត ដោយត្រូវមានស្ថានភាពបច្ចុប្បន្ន លក្ខខណ្ឌប្រកប បញ្ហាប្រឈម ២) ផែនការសកម្មភាព ជាពិសេសប្រជាពលរដ្ឋ ដែលខ្វះខាតអាហារូបត្ថម្ភ តាមទីជនបទ ៣) តាមដានឱ្យបានជាប់ប្រចាំ ការលូតលាស់របស់កុមារ ដោយត្រូវវាស់កម្ពស់ ថ្លឹងគីឡូ ភាពស្គមស្គាំង និងប្រាជ្ញារបស់កុមារ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់កំណើនការងារសមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព បានអនុម័តនូវអាទិភាពសំខាន់ៗ ជាពិសេស ការអភិវឌ្ឍមូលធនមនុស្សនៅតែជាអាទិភាពចម្បង ហើយការផ្តោតសំខាន់មួយនោះ គឺការកែលម្អសុខភាព និងសុខុមាលភាពរបស់ប្រជាជន។ ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលម្អអាហារូបត្ថម្ភ ឆ្នាំ២០២៥-២០៣០ ដើម្បីពង្រឹងការប្តេជ្ញាចិត្តថ្នាក់ជាតិ សម្រាប់ការកែលម្អអាហារូបត្ថម្ភ ផ្អែកលើអាទិភាពជាតិ និងយុទ្ធសាស្រ្ត ក្នុងការបង្កើនគុណភាពសេវាដែលពាក់ព័ន្ធនឹងអាហារូបត្ថម្ភ ដើម្បីកែលម្អទម្លាប់នៃការទទួលទានរបបអាហារដែលល្អ ចំពោះសុខភាព។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះ ដើម្បីឈានទៅសម្រេចបាននូវគោលដៅនានានៃផែនទីបង្ហាញផ្លូវនេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត មន្ទីរសុខាភិបាល ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល សូមចូលរួមសហការ សម្របសម្រួល គាំទ្រ ក្នុងការអនុវនូវផែនទីបង្ហាញផ្លូវនេះឱ្យបានជោគជ័យ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner