ក្រុមការងារ អាជ្ញាធរជាតិអប្សរា កំពុងជួសជុលកំពូលព្រំដំបូល ប្រាសាទបន្ទាយសំរ៉ែឡើងវិញ

(ភ្នំពេញ)៖ អ្នកជំនាញនៃនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំជួសជុល កំពូលព្រំដំបូល ឬនាងច្រាល នៅប្រាសាទបន្ទាយសំរ៉ែ ដើម្បីលើកតម្លៃប្រាសាទនេះ ឱ្យមានសោភ័ណភាពឡើងវិញ។នេះបើតាមការឱ្យដឹងពីសំណាក់អាជ្ញាធរជាតិអប្សរា។

ទាក់ទិនក្នុងរឿងនេះ លោក ឡុង ណារី ប្រធានក្រុមការងារជួសជុលនាងច្រាលប្រាសាទបន្ទាយសំរ៉ែ លើកឡើងថា នាងច្រាលជាស្ថាបត្យកម្មមួយដ៏សំខាន់នៅតាមប្រាសាទ ដូច្នេះការរៀបចំជួសជុល ពង្រឹងឡើងវិញ ជាផ្នែកមួយមានសារសំខាន់ដើម្បីលើកតម្លៃប្រាសាទទាំងនោះ ។

ចំពោះប្រាសាទ បន្ទាយសំរ៉ែ លោក ណារី ថា នាងច្រាលមួយចំនួនធំបានបាក់បែក និងរបេះធ្លាក់ដល់ដី ដែលក្រុមការងារបស់លោក កំពុងរើស និងរៀបចំបិទបាយអរពង្រឹង និងរៀបចំដាក់នៅទីតាំងដើមវិញ។

លោកបញ្ជាក់ថា នាងច្រាលយ៉ាងហោចណាស់ជាង៣០០ នឹងត្រូវបានជួសជុល ពង្រឹងឡើងវិញ។
ដូចនៅប្រាសាទដទៃទៀតដែរ នាងច្រាលមានការបាក់បែក និងពុកផុយ ដោយសារកត្តាធម្មជាតិ និងអាយុកាល។ ចំពោះប្រាសាទបន្ទាយសំរ៉ែ នៅសេសសល់នាងច្រាលច្រើន ដោយសារមានការជួសជុល នៅសម័យដើម។ ប៉ុន្តែទោះជាយ៉ាងណា បច្ចេកទេសជួសជុលពេលនោះប្រើប្រាស់ស៊ីម៉ង់ត៍ និងស្នូលដែកតូចៗ មិនមានភាពធន់ជាប់យូរទេ។

លោក ណារី បញ្ជាក់ថា ការជួសជុលលើកនេះ ក្រុមការងាររបស់លោកនឹងប្រើបាយអរបិទភ្ជាប់ រួមផ្សំនឹងឧបករណ៍ សម្ភារទំនើប នឹងអាចពង្រឹងនាងច្រាល ឱ្យឈរជាប់រឹងមាំរាប់ឆ្នាំបន្តទៀត។

លោក ណារី មានសុទិដ្ឋិនិយមថា បន្ទាប់ពីជួសជុលរួចរាល់ នឹងលើកសោភ័ណភាពប្រាសាទបន្ទាយសំរ៉ែ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រាសាទនេះកាន់តែច្រើនបន្ថែមទៀត៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner