មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៥ បានបិទបញ្ចប់ ដោយរកឃើញបេក្ខជនឆ្នើមប្រកបដោយទេពកោសលខ្ពស់
(ភ្នំពេញ)៖ មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៥ ដែលរៀបចំដោយនាយកដ្ឋានសិល្បៈទស្សនីយភាព រយៈពេល ៣ថ្ងៃ បានបិទបញ្ចប់ជាស្ថាពរ ដោយលទ្ធផលបានរកឃើញបេក្ខជនឆ្នើមចំនួន ៣រូប ដែលទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រនោះ ។ វេទិការមហោស្រប ចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៥ បានរៀបចំឡើងចាប់ពីថ្ងៃ១១ ដល់ថ្ងៃទី១៣ ខែមិថុនា ក្រោមប្រធានបទ «ទំពាំងស្នងឬស្សី» ដែលប្រព្រឹត្តទៅនៅរោងមហោ ស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

កម្មវិធីបើក និងបិទវេទិកាប្រកួតចាប៉ីដងវែង បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហាប់ ទូច រដ្ឋលេ ខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធាន មន្ទីររាជធានី-ខេត្ត ទាំង២៥ មន្ត្រីរាជការ លោកគ្រូ អ្នគ្រូ សិល្បករ សិល្បការិនី និងសិស្សានុសិស្សជាច្រើនរូបទៀតផងដែរ។

លោក ឈាង ឆដាភ័ក្រ ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ បានឲ្យដឹងថា ការរៀបចំមហោស្រពចាប៉ីដងវែងនេះ គឺស្របទៅតាមគោលបំណងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការចូលរួមថែរក្សាការពារ លើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីជាតិ អត្តសញ្ញាណជាតិ សំដៅរួមចំណែកអភិវឌ្ឍន៍សង្គម លើកកំពស់កិត្យានុភាពជាតិ និងគាស់រំលើងសម្បតិ្តវប្បធម៌ចាស់ៗសាជាថ្មីវិញ ។ បន្ថែមពីនោះទៀត ក៏ដើម្បីលើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែង ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន ដោយគាំទ្រ និងលើកទឹកចិត្តដល់សិល្បៈករចាប៉ីដងវែងឲ្យរឹតតែមានសកម្មភាពផុសផុលនៅក្នុងសង្គមខ្មែរថែមទៀត តាមរយៈការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ពលរដ្ឋខ្មែរឲ្យបានស្គាល់ច្បាស់ និងឈ្វេងយល់បន្ថែមអំពីនូវទម្រង់សិល្បៈចាប៉ីដងវែងនេះ ។

ជាលទ្ធផលនៃការប្រកួតនោះ មហោស្រពចាប៉ីដងវែង បានរកឃើញបេក្ខជនឆ្នើមចំនួន ៣រូប ដែលទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រ រួមមាន៖ លោក ម៉ើ មឿន មកពីខេត្តសៀមរាប ជ័យលាភីលេខ១ ទទួលបានពានរង្វាន់ចាប៉ីមាស អមដោយប្រាក់រង្វាន់។ លោក វណ្ណា គឹមស៊ាន មកពីខេត្តសៀមរាប ជ័យលាភីលេខ២ ទទួលបានពានរង្វាន់ចាប៉ីប្រាក់ អមដោយប្រាក់រង្វាន់។ លោក កែវ ពិសាល មកពីខេត្តកំពង់ឆ្នាំង ជ័យលាភីលេខ៣ ទទួលបានពានរង្វាន់ចាប៉ីសំរិទ្ធ អមដោយប្រាក់រង្វាន់។ ដោយឡែក បេក្ខជន ២រូបទៀត គឺលោក ចាប ជី មកពីខេត្តសៀមរាប និងលោក ម៉ម ភិរក្ស មកពីខេត្តប៉ៃលិន ទទួលបានចំណាត់ថ្នាក់កិត្តិយស ទទួលបានប្រកាសនីយ បត្រ និងប្រាក់រង្វាន់លើកទឹកចិត្ត។

ចាប៉ីដងវែង គឺជាកេរិ៍ដំណែលនៃសិល្បៈវប្បធម៌ ដែលបានបន្សល់ទុកពីដូនតា ចាស់ព្រឹទ្ធាចារ្យ បុព្វបុរសខ្មែរ ដែលមានកំណើតក្នុងដែនដីសុវណ្ណភូមិខ្មែរតាំងពីបុរាណកាលមកម្លេះ បើផ្អែកលើតាកតឹកតាង សិលាចារឹក និងឯកសារផ្សេងៗទៀតជាច្រើន និងបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃសម្បត្តិមនុស្សជាតិរបស់អង្គការ UNESCO នៅថ្ងៃទី៣០ វិច្ឆិកា ២០១៦។ ចាប៉ីដងវែងបានក្លាយជាមរតក តជំនាន់ ដែលពលរដ្ឋគ្រប់គ្នាត្រូវថែរក្សា ក្នុងនាមជាទំពាំងស្នងឬស្សី ។ ក្រៅពីជាឧបករណ៍កេះដេញក្នុងទម្រង់សិល្បៈបុរាណខ្មែរ ចាប៉ីដងវែងក៏អាចប្រគុំបញ្ចូលជាមួយតន្ត្រីបច្ចឹមប្រទេសផងដែរ ។ ចាប៉ីដងវែង គឺជាសិល្បៈដ៏មានប្រជាប្រិយ៍ភាពមួយ ដែលបានជ្រាបយ៉ាងជ្រៅក្នុងប្រពៃណី ជំនឿ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ និងមិនមែនគ្រាន់តែជាសិល្បៈកម្សាន្តប៉ុណ្ណោះទេ ថែមទាំងជួយផ្តល់ចំណេះដឹង និងអប់រំមនុស្សតាមរយៈចំរៀងកាព្យនៃការបកស្រាយសុភាសិតផ្សេងៗផងដែរ ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ នាយកដ្ឋានសិល្បៈទស្សនីយភាព
