ក្រសួងសុខាភិបាល អបអរសាទរ ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្រ្គោះជីវិត”
(ភ្នំពេញ)៖ ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញអបអរសាទរ ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ៖ “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្រ្គោះជីវិត” ដែលរៀបចំនៅ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល។
ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ប្រារព្ធធ្វើនៅថ្ងៃទី១៤ ខែមិថុនា ជារៀងរាល់ឆ្នាំ បន្ទាប់ពីសន្និបាតអង្គការសុខភាពពិភពលោក លើកទី៥៨ ឆ្នាំ២០០៥ ដែលមានការបោះឆ្នោតគាំទ្រជាឯកច្ឆន្ទ បង្កើតទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមជារៀងរាល់ឆ្នាំតរៀងមក។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា តាមរយៈរបាយការណ៍របស់មជ្ឈមណ្ឌល បានបង្ហាញថា មានការកើនឡើងនូវអំណោយឈាម និងការផ្គត់ផ្គង់ឈាម បានឆ្លុះបញ្ចាំងឱ្យឃើញថា សេវាព្យាបាលតាមជំនាញឯកទេស និងសេវាសង្រ្គោះបន្ទាន់ នៅតាមមន្ទីរពេទ្យនានាទូទាំងប្រទេស ដែលជាការរួមចំណែកក្នុងការពង្រឹងសេវាសុខាភិបាល ដើម្បីឆ្ពោះទៅកាន់ការក្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមអំពាវនាវ និងស្វាគមន៍ដល់បងប្អូន យុវជន យុវនារី សិស្ស និស្សិត អញ្ជើញមកបរិច្ចាគឈាម ដោយការស្ម័គ្រចិត្ត ដើម្បីឧត្តមប្រយោជន៍ មនុស្សធម៌ និងការជួយជីវិតមនុស្ស។ ការបរិច្ចាគឈាមបង្ហាញពីក្តីស្រឡាញ់ ក្តីសង្ឃឹមដល់អ្នកជំងឺ និងជាកុសល្យ។ ការបរិច្ចាគឈាម បង្ហាញពីគុណធម៌ ភាពកក់ក្តៅ ក្តីករុណាពិតប្រាកដ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា ការបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពទេ ហើយឈាម គឺជាឱសថដ៏ស័ក្តសិទ្ធិមួយក្នុងផ្នែកវេជ្ជសាស្រ្តទំនើប ដែលគ្មានរោងចក្រណាអាចផលិតបាន ហើយឈាមមានប្រភពតែមួយគត់ គឺពីអំណោយឈាមរបស់មនុស្ស។ សូមចូលរួមបរិច្ចាគឈាមទាំងអស់គ្នាឱ្យបានទៀងទាត់ ដើម្បីយើងអាចជួយជីវិតមនុស្សជាទីស្រឡាញ់របស់យើងបានទាន់ពេលវេលា។
ក្នុងពិធីនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់កិត្តិយស ប្រគល់លិខិតថ្លែងអំណរគុណជូនក្រុមហ៊ុនឯកជនចំនួន៣ ដែលបានជួយឧបត្ថម្ភគាំទ្រក្នុងការរៀបចំ ទិវាពិភពលោកនៃអ្នកផ្តល់ឈាម និងបានបំពាក់មេដាយផ្តល់ឈាមជូនសប្បុរសជន ដែលបានបរិច្ចាគឈាមជាទៀងទាត់ ដើម្បីជាការលើកទឹកចិត្ត និងបន្តសកម្មភាពដ៏ប្រពៃនេះបន្តទៀត ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ














