វិទ្យាស្ថានសាលាបារាំងចុងបូព៌ា បានប្រគល់វត្ថុបុរាណជូនអាជ្ញាធរជាតិអប្សរាចំនួន៣១កេស
សៀមរាប៖ សាលាបារាំងចុងបូព៌ា (EFEO) ដែលជាដៃគូ សហប្រតិបត្តិ ការជាមួយអាជ្ញាធរជាតិអប្សរាក្នុងការបំពេញ ការងារអភិរក្ស និង ស្រាវជ្រាវ នៅរមណីយដ្ឋានអង្គរ បានប្រគល់វត្ថុបុរាណចំនួន ៣១ កេស ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុកបន្ទាប់ពីបាន សិក្សាស្រាវជ្រាវ និង រកឃើញតាមរយៈនៃការធ្វើកំណាយ។ការប្រគល់បានធ្វើឡើងនៅ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៣។
ប្រភពអាជ្ញាធរជាតិអប្សរាបានស្រង់សម្ដីលោក ទិន ទីណា អនុប្រធាន នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយមកបញ្ជាក់ថា វត្ថុបុរាណទាំងអស់ ដែល វិទ្យាស្ថានសាលាបារាំងចុងបូព៌ាប្រគល់មក អាជ្ញាធរជាតិអប្សរា បានរកឃើញដោយការធ្វើកំណាយ នៅតាម ការដ្ឋានស្រាវជ្រាវមួយចំនួននៅ ក្នុងរមណីយដ្ឋានអង្គរដូចជា គោក តាសៀម បឹងដូនប៉ា ប្រាសាទអ៊ុងម៉ុង ប្រាសាទបាភួន និងប្រាសាទ ព្រៃមន្ទីរ។វត្ថុបុរាណទាំងនេះរួមមាន ទី១. កុលាលភាជន៍មកពី ប្រាសាទបាភួនចំនួន២៧កេស ដែលក្នុងនោះ មានប្រភេទ កុលាល ភាជន៍ រឹង កុលាលភាជន៍ ផុយជារបស់ខ្មែរ និងកុលាលភាជន៍ចិន សៀម យួនជាដើម។ ទី២ .ថ្មភក់ចំនួនពីរកេស ដែលមកពីគោកតាសៀម។ ទី៣. បំណែកថ្មភក់មាន ក្បាច់លម្អខ្លះៗចំនួនពីរកេស មកពីបឹងដូនប៉ា និងគោកតាសៀម ព្រមទាំងប្រាសាទអ៊ុងម៉ុង។ ទី៤. បដិមាព្រះពុទ្ធ ចំនួន មួយ មកពីប្រាសាទ អ៊ុងម៉ុង និងបំណែកសន្លឹកសីមាចំនួន មួយ មកពីប្រាសាទព្រៃមន្ទីរ។
លោក ទិន ទីណា ឱ្យដឹងទៀតថា ក្រោយពីទទួលបានវត្ថុទាំងអស់នេះ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរានឹងរៀបចំទុកដាក់អភិរក្ស តាម លក្ខណៈបច្ចេកទេស ហើយនៅថ្ងៃខាងនេះ អាជ្ញាធរជាតិនឹងរៀបចំ ពិព័រណ៍មិនអចិន្ត្រៃយ៍នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីតាំងបង្ហាញឱ្យសាធារណជនជាតិ និងអន្តរជាតិបានទស្សនា សិក្សាស្វែងយល់ពីវត្ថុសិល្បៈខ្មែរ។
សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលវិទ្យាស្ថានសាលាបារាំង ចុងបូព៌ា បានប្រគល់បុរាណវត្ថុដែលបានមកពី កំណាយនៅ តាមការ ដ្ឋាន ស្រាវជ្រាវ និងការដ្ឋានជួសជុលប្រាសាទមួយចំនួននៅ ក្នុ ង រមណីយ ដ្ឋានអង្គរមកដល់អាជ្ញាធរជាតិអប្សរា៕
ដោយ៖ម៉ាដេប៉ូ