អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ពីស្ថានភាពទូទៅនៅថ្ងៃស និងការការពារសន្តិសុខ សុវត្ថិភាពនៅថ្ងៃបោះឆ្នោត
(ភ្នំពេញ)៖ ឯកឧត្តម សោម សូរីដា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា នៅរសៀលថ្ងៃទី២២កក្កដា ឲ្យដឹងថា ក្រោយពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានខិតខំយកចិត្តទុកដាក់ផ្សព្វផ្សាយកម្មវិធីគោលនយោបាយរបស់ខ្លួនជូនដល់អ្នកបោះឆ្នោត ។ ដូច្នេះរូបភាពជាច្រើនដែលពាក់ព័ន្ធទៅនឹងសកម្មភាពឃោសនាដូចមានចែងនៅក្នុង មាត្រា ៦៨ ច្បាប់ស្ដីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ គឺគ្រប់គណបក្សនយោបាយ បានយកមកប្រើអស់ហើយដូចជា៖ ការហែក្បួន ការជួបប្រជុំ ការចុះតាមផ្ទះរបស់ប្រជាពលរដ្ឋ ការចែកខិតប័ណ្ណផ្សេងៗ គឺឃើញថាគណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងនេះ អនុវត្តបានយ៉ាងល្អ ជាពិសេសរយៈពេលនៃការឃោសនាបោះឆ្នោតរយៈពេល ២១ថ្ងៃនេះ គឺដំណើរការដោយរលូនល្អ ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ។ ការដែលមិនមានបាតុភាព ឬរឿងចម្រូងចម្រាសច្រើនអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ គឺដោយគណបក្សនយោបាយទាំងអស់ បានគោរពច្បាប់ ក្រមសីលធម៌គណបក្ស និងមានភាពចាស់ទុំផងដែរ។
ឯកឧត្តមបានបន្តថា យ៉ាងណាក៏ដោយ ក្នុងរយៈពេល ២១ថ្ងៃ ក៏មានករណីបណ្ដឹងចំនួន ៣៣បណ្ដឹង ដែលមិនជាប់ពាក់ព័ន្ធទៅនឹងគណបក្សដែលធ្វើសកម្មភាពឃោសនាបោះឆ្នោតទេ ប៉ុន្តែវាជាប់ទៅហ្នឹងបុគ្គលស្ថិតនៅក្នុងគណបក្សផ្សេងដែលមិនបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ បណ្ដឹងទាំង ៣៣នេះ គឺមាន ២បណ្ដឹង ពាក់ព័ន្ធនឹងការបង្ហោះសាររើសអើងពូជសាសន៍ និងការប្ដឹងចំពោះបុគ្គលដែលយកស្លាកគណបក្សនយោបាយផ្សេងទៅបិទលើរូបថតថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ចំណែកបណ្ដឹង ៣១ទៀត គឺពាក់ព័ន្ធទៅនឹងការរំលោភលើមាត្រា ១៤២ ថ្មី ស្ដីពីច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដោយបណ្ដឹង៣០ ពាក់ព័ន្ធទៅនឹងការញុះញង់ ឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត ហើយបណ្ដឹងមួយទៀតទាក់ទងទៅនឹងការបំភិតបំភ័យប្រជាពលរដ្ឋ ធ្វើឱ្យមានការភាន់ច្រឡំនាំទៅការបាត់ទំនុកចិត្តនៃការបោះឆ្នោត ហើយពិសេស គឺការបំភិតបំភ័យប្រជាពលរដ្ឋដែលទៅបោះន្លឹកឆ្នោតថា គេស្គាល់អត្តសញ្ញាណអ្នកដែលទៅបោះឆ្នោត។
ឯកឧត្តមបានបន្ថែមថា សម្រាប់ថ្ងៃ ស ដែលត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ គ.ជ.ប មិនទទួលបានភាពមិនប្រក្រតីណាមួយកើតឡើងនោះទេ។ មានន័យថា នៅថ្ងៃស នេះ គណបក្សនយោបាយ ពិតជាបានបិទបញ្ចប់សកម្មភាពឃោសនារបស់ខ្លួន ហើយប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក៏មិនបានផ្សព្វផ្សាយព័ត៌មាន ដែលមានន័យគាំទ្រគណបក្សនយោបាយ ឬបេក្ខជន ឬក៏ព័ត៌មានដែលធ្វើឲ្យមានភាពច្របូកច្របល់ ឬក៏ធ្វើឲ្យមានការភាន់ច្រឡំអ្វីផ្សេងៗ។
អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងទៀតថា ការិយាល័យបោះឆ្នោតសរុបទូទាំងប្រទេសមានចំនួន ២៣៧៨៩ការិយាល័យ ហើយការិយាល័យបោះឆ្នោតទាំងអស់ គឺបានទទួលសម្ភារៈបរិក្ខារបម្រើឱ្យការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រួចរាល់អស់ហើយ ជាអាទិ៍សម្ភារៈសំខាន់ៗដែលអាចកត់សម្គាល់បាននោះ គឺបញ្ជីបោះឆ្នោតផ្លូវការប្រើប្រាស់ក្នុងការបោះឆ្នោត សន្លឹកឆ្នោតដែលត្រូវប្រើនៅថ្ងៃបោះឆ្នោត ទឹកខ្មៅលាងមិនជ្រះ ហិបឆ្នោត ត្រាសម្ងាត់ និងឯកសារសំខាន់ៗជាច្រើនទៀត។ និយាយរួម សម្ភារៈបរិក្ខារចាំបាច់សម្រាប់បម្រើឲ្យការបោះឆ្នោត បានដឹកដល់ ហើយបានរៀបចំរួចរាល់គ្រប់ការិយាល័យអស់ហើយ តែក៏កត់សម្គាល់ដែរថា ការិយាល័យបោះឆ្នោតមួយចំនួន មានភាពងាយស្រួលក្នុងការដឹកជញ្ជូន ប៉ុន្តែក៏មានការិយាល័យមួយចំនួន ដូចជា៖ នៅខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តកោះកុងជាដើម គឺត្រូវប្រើមធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាស ខណៈនៅខេត្តមណ្ឌលគិរី គឺយើងប្រើសត្វដំរី ដើម្បីដឹកជញ្ជូនសម្ភារៈបោះឆ្នោតទៅកាន់ការិយាល័យបោះឆ្នោត ដោយសារមិនអាចប្រើប្រាស់មធ្យោបាយផ្លូវទឹក ផ្លូវគោក ផ្លូវអាកាសបានទេ អញ្ចឹងមានតែសត្វដំរីទេ ទើបអាចដឹកជញ្ជូនសម្ភារៈ បរិក្ខារទាំងអស់ទៅដល់ការិយាល័យបោះឆ្នោត។
ពាក់ព័ន្ធទៅនឹងការការពារសន្តិសុខស្ដាប់ធ្នាប់សាធារណៈនៅក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់ឲ្យដឹងដែរថា ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតនីមួយៗ បានរៀបចំតាមស្តង់ដានៅទូទាំងប្រទេស គឺមានចម្ងាយ ១៥ម៉ែត្រពីការិយាល័យ ដោយមានសន្តិសុខបោះឆ្នោតម្នាក់ ហើយចម្ងាយប្រមាណ ១០០ម៉ែត្រពីការិយាល័យ មានភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលអាចជា នគរបាល ឬកងរាជអាវុធហត្ថ ដែលមានប្លង់ដៃចេញពី គ.ជ.ប ឈរជើង ២នាក់ និងមានអាវុធមួយដើមជាប្រភេទ AK និងមានគ្រាប់ចំនួន ៣០គ្រាប់ ដែលនេះជាការកំណត់របស់ច្បាប់ ៕
ដោយ វណ្ណលុក

